(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនឧស្សាហកម្មស៊ីម៉ងត៍ និងគ្រឿងសំណង់ឈានមុខគេមួយ នៅតំបន់អាស៊ាន បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះដល់ជនរងគ្រោះទឹកជំនន់ ដោយរួមវិភាគទានជាជំនួយគ្រឿង ឧបភោគ បរិភោគ សម្រាប់ជនរងគ្រោះប្រមាណ១,៣០០គ្រួសារ។
ជំនួយនេះបានធ្វើឡើង តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញ សម្រាប់ការចែកជូនបន្ត ទៅដល់គ្រួសាររងគ្រោះ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីទឹកជំនន់។
នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានស្វាគមន៍ការរួមចំណែករបស់ក្រុមហ៊ុន អេសស៊ីជី ក្នុងកិច្ចការសង្គ្រោះទឹកជំនន់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគ្រឿងឧបភោគបរិភោគទាំងនេះ ដែលអាចសម្រាលការលំបាកបានខ្លះ ដល់ជីវភាពប្រចាំថ្ងៃរបស់ជនរងគ្រោះ។
ទន្ទឹមនឹងនេះ នៅក្រសួងរ៉ែ និងថាមពល លោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនផងដែរ ចំពោះវិភាគទានជាជំនួយ ស្បៀងអាហារទាំងនេះ ដើម្បីជួយសម្រាលការខ្វះខាតរបស់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់។ លោក ស៊ុយ ឌីម៉ង់ បានបញ្ជាក់ថា ក្រុមការងាររបស់ក្រសួង នឹងចែកអំណោយស្បៀងទាំងនេះ ដល់គ្រួសាររងផលប៉ះពាល់នៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារគ្រោះធម្មជាតិទឹកជំនន់ឆ្នាំនេះ។
ស្របពេលជាមួយគ្នានេះដែរ បុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់ អេសស៊ីជី ក៏បានចូលរួមជាមួយសាលារាជធានីភ្នំពេញ ចុះចែកអំណោយជាស្បៀងអាហារ ដល់គ្រួសាររងគ្រោះប្រមាណ៣០០គ្រួសារ នៅតំបន់លិចទឹកក្នុងខណ្ឌដង្កោ ផងដែរ។
លោក រ៉ា ឆាយុទ្ធ កាសេមឆៃសិរី នាយក អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងថា គ្រោះទឹកជំនន់ឆ្នាំនេះ បានបង្កការខូចខាតធ្ងន់ធ្ងរចំពោះប្រជាជនកម្ពុជា ហើយក្នុងនាមជាក្រុមហ៊ុនឯកជន ដែលប្រតិបត្តិការនៅកម្ពុជាយូរឆ្នាំមកហើយ សូមចូលរួមចំណែកជួយសម្រាលការលំបាកនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។
លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី បានលើកឡើងថា «ជំនួយជាស្បៀងអាហារសម្រាប់ ១,៣០០គ្រួសារនេះ ជាការរួមចំណែករបស់ក្រុមហ៊ុន ជួយសម្រាលខ្លះៗ នូវការលំបាកដែលប្រជាជនកម្ពុជា បានជួបប្រទះដោយសារគ្រោះទឹកជំនន់»។
ឆ្នាំនេះប្រទេសកម្ពុជា បានជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបង្កផលប៉ះពាល់ដល់រាជធានី-ខេត្ត ចំនួន២០នៅទូទាំងប្រទេស។ មនុស្សប្រមាណជាង៤០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប្រជាជនជាង៥០ម៉ឺននាក់ រងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស៕