(ប៉ារីស)៖ Neymar នឹងអវត្តមាន ៣ប្រកួតពីក្នុងក្លិប Paris Saint-Germain និងខកខានជួយប្រេស៊ីលលេងវគ្គជម្រុះ World Cup 2022 ផងដែរ ដោយសារបញ្ហារបួសភ្លៅនាអំឡុងប្រកួត UEFA Champions League ដែលក្លិបបារាំងបានយកឈ្នះ Istanbul ២-០ កាលពីរាត្រីថ្ងៃពុធ។

លោក Thomas Tuchel អ្នកចាត់ការទូទៅ PSG បានថ្លែងប្រាប់ BBC ថា ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ Neymar ត្រូវការសម្រាកព្យាបាលរបួសភ្លៅយ៉ាងហោចណាស់ក៏ ៣សប្តាហ៍ដែរ នោះមានន័យថា កីឡាករដែលទិញពីក្លិប FC Barcelona កាលឆ្នាំ២០១៧ នឹងខកខានប្រកួតពេល PSG ប៉ះក្រុម Nantes និង Rennes នៅ Ligue 1 និងជួបម្ចាស់ផ្ទះ RB Leipzig ក្នុងប្រកួតទី៣ នៅ Champions League។

បន្ថែមលើនេះ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដដែលក៏បានថ្លែងថា Neymar នឹងមិនអាចចូលលេងពេលក្រុមជម្រើសជាតិសាំបាប្រេស៊ីលលេងវគ្គជម្រុះ World Cup 2022 ក្នុងប្រកួតលើកទី៣ ជើងទី២ ផងដែរ។

Neymar ទទួលរងរបួសភ្លៅ និងត្រូវបានប្តូរចេញវិញនៅនាទី២៦ មុនពេលមិត្តរួមក្រុម Moise Keane រកបាន ២គ្រាប់ជ័យជម្នះនៅក្នុងផ្ទះរបស់ Istanbul ពីការប្រកួតវគ្គសន្សំពិន្ទុលើកទី២ ជើងទី១ ប្រចាំពូល H៕