(ភ្នំពេញ)៖ ទោះបីមិនអាចរក្សាកៅអីលីគកំពូលកម្ពុជា តែក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ហាក់មិនមានសេចក្ដីទោមនស្សអ្វីឡើយ ផ្ទុយទៅវិញ ពួកគេបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតជម្រើសជើងឯកលីគទី២ ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក រីណា តំណាងក្រុមយុវជន U18 បាទី ក្រោយទទួលបានពានរង្វាន់ Fair Play ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០ កាលពីថ្មីៗ។

លោក អ៊ុក រីណា បានបញ្ជាក់ថា ដោយសារយុវជនបាទី គឺជាក្រុមយុវជនអភិវឌ្ឍន៍ ក្រោមការដឹកនាំ និងទំនុបបម្រុងផ្ទាល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ហេតុនេះ គោលដៅសំខាន់របស់ពួកគេ រក្សានៅដដែល គឺការអភិវឌ្ឍន៍យុវជន ទោះបីលេងក្របខណ្ឌលីគកំពូល ឬលីគទី២ ក៏ដោយ ដើម្បីពង្រឹងសមត្ថភាពកីឡាករវ័យក្មេងកម្ពុជា ត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ក្រុម U18 បាទី បានបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២០ ដោយឈរបាតតារាង និងរកបានត្រឹម ៧ពិន្ទុប៉ុណ្ណោះ ដែលនាំឲ្យពួកគេធ្លាក់ទៅលេងលីគទី២ កម្ពុជា ឆ្នាំ២០២១ ។ តែមុននឹងរបូតកៅអីលីគកំពូល ពួកគេក៏ទទួលបានពានរង្វាន់លើកទឹកចិត្តដ៏ពិសេស គឺការឈ្នះពានរង្វាន់ Fair-Play ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០ ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ផងដែរ៕