(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Eden Hazard រកបានគ្រាប់ទី១ ឲ្យក្លិបអេស្ប៉ាញ Real Madrid ក្នុងលីគ La Liga រដូវកាលថ្មីនេះ ក្រោយខកខានរកបានគ្រាប់ស៊ុតគិតចាប់តាំងពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ មកក្នុងជ័យជម្នះ ៤-១ ទៅក្រុមភ្ញៀវ Huesca នៅរាត្រីថ្ងៃសៅរ៍ ទី៣១ ខែតុលា។

កីឡាករដែលត្រូវបានក្លិប Real Madrid នាំចូលពីក្លិបអង់គ្លេស Chelsea នោះ បានស៊ុត ១ជើងឆ្វេងចូលទីយ៉ាងស្អាតនៅចុងវគ្គទី១ មុនពេលមិត្តរួមក្រុម Karim Benzema រកបាន ២គ្រាប់ និង Valverde រកបាន ១គ្រាប់ ដើម្បីរក្សាជ័យជម្នះ ១០០% ក្នុងទឹកដីនៃសប្តាហ៍ទី៧ ដោយមាន ១៦ពិន្ទុឈរនៅកំពូលតារាងបណ្តោះអាសន្នផងដែរ ក្រោយបរាជ័យក្នុងដី ២ប្រកួតនាពេលថ្មីៗនេះ គ្រាដែលគូប្រជែង Huesca នៅពុំទាន់រកបាន ៣ពិន្ទុពីប្រកួតណាមួយនៅឡើយទេ។

បច្ចុប្បន្នក្រុមការពារតំណែងជើងឯក La Liga បានកំពុងនាំមុខកំពូលតារាង ២ពិន្ទុពីក្រុម Real Sociedad, Atletico Madrid និង Cadiz ដែលមាន ១៤ពិន្ទុស្មើគ្នា គ្រាដែលក្រុមជើងឯករងរដូវកាលមុន FC Barcelona ទើបរកបាន ៨ពិន្ទុពី ៦ប្រកួតរបស់ពួកគេឈរនៅលេខរៀងទី១២ ក្រោយលេងស្មើ ១-១ ជាមួយម្ចាស់ផ្ទះ Deportivo Alaves នៅយប់មិញនេះដូចគ្នា៕