(ក្រុងតូរីន)៖ ខ្សែប្រយុទ្ធសំខាន់ Cristiano Ronaldo រកបាន ២គ្រាប់ភ្លាមៗក្នុងជ័យជម្នះ ៤-១ ទៅលើម្ចាស់ផ្ទះ Spezia បន្ទាប់ពីជាសះស្បើយពីជំងឹ Covid-19 ដែលធ្វើឲ្យកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ ខកខាន ៣ប្រកួតនៅ Serie A ផងដែរ។
កីឡាករវ័យ ៣៥ឆ្នាំ Ronaldo ត្រូវបានដាក់ចូលលេងក្នុងនាមកីឡាករបម្រុងដែលត្រូវបានប្តរចូលក្នុងវគ្គទី២ មុនពេលរកបាន ២គ្រាប់ផងដែរនៅនារាត្រីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនាទី៥៩ និងនាទី៧៦ គម្រប់បាន ៥គ្រាប់ក្នុងចំណោម ៣ប្រកួតនៅលីគកំពូលរបស់អ៉ីតាលី Serie A នារដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ។
អតីតកីឡាករ Manchester United និង Real Madrid បានថ្លែងប្រាប់គេហទំព័រកីឡា Sky Sport ក្រោយចប់ការប្រកួតដោយទឹកមុខញញឹមថា «Cristiano ត្រឡប់មកវិញហើយ។ រឿងសំខាន់គឺថា ខ្ញុំបានត្រឡប់មកវិញជាមួយជ័យជម្នះបែបនេះ»។
គួររំលឹកផងថា Cristiano Ronaldo បានអវត្តមាន ៣ប្រកួតក្នុងលីគក្នុងចំណោម ៦ប្រកួតនៅ Serie A នារដូវកាលនេះ គិតចាប់តាំងពីបានឆ្លង Covid-19 នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មក តែបានជួយក្រុមការពារជើងឯក Juventus ឡើងឈរលេខ៣ វិញ ដោយមាន ១២ពិន្ទុចាញ់ក្រុមកំពូលតារាង AC Milan ចំណួន ៤ពិន្ទុ បន្ទាប់ពីពួកគេ (AC) យកឈ្នះម្ចាស់ផ្ទះ Udinese ២-១ បន្តប្រវត្តិលេងមិនចាញ់៕