(ក្រុងឡុងដ៍)៖ នៅទីបំផុត កីឡាករខ្សែបម្រើ Gareth Bale រកបានគ្រាប់ដំបូងឲ្យ Tottenham Hotspur បានហើយ ក្នុងជ័យជម្នះ ២-១ ទៅលើក្រុមភ្ញៀវ Brighton & Hove Albion ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាង Premier League វិញ បន្ទាប់ពី Liverpool។
១គ្រាប់ដែលជួយឲ្យ Spurs បាន ៣ពិន្ទុរបស់កីឡាករអន្តរជាតិវ៉េលខាងលើ គឺបានកើតឡើងនៅនាទី៧៣ ដោយការតែតបញ្ចូលទី ក្រោយទទួលបានពីមិត្តរួមក្រុម Reguilon នៅឯ Tottenham Stadium នារាត្រីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៃសប្តាហ៍ទី៧ ជើងទី១ នៅលីគកំពូលអង់គ្លេស Premier League នៅពេលដែល Harry Kane រកបានគ្រាប់បើកឆាកដោយបាល់ ១១ម៉ែត្រនៅនាទី១៣ និង Lamptey រកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវនៅនាទី៥៦។
នេះក៏ជាការរកបានគ្រាប់តែតបញ្ចូលលើកទី២ របស់ Bale ផងដែរ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១២ មុនពេលចាកចេញពីទឹកដីអង់គ្លេស ទៅលេងឲ្យក្លិបអេស្ប៉ាញ Real Madrid ក្នុងតម្លៃបំបែកកំណត់ត្រាថ្លៃជាងគេឈរនៅចំណាត់ទី២ ក្នុងលោកកាលពីឆ្នាំ២០១៣ ទៀតផង។
៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការទូទៅ Jose Mourinho រកបាន ១៤ពិន្ទុឈរនៅលេខរៀងទី២ ចាញ់ក្រុមកំពូលតារាង Liverpool ដែលជាក្រុមការពារតំណែងជើងឯកផងនោះមកនៅត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៧សប្តាហ៍ដូចគ្នា និង Everton ធ្លាក់មកឈរលេខ៣ វិញដោយមាន ១៣ពិន្ទុ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Newcastle United ២-១៕