(បាងកក)៖ ក្រុមហ៊ុនកាហ្វេ Starbucks នាថ្ងៃចន្ទនេះ បានឲ្យដឹងថា ខ្លួនមានគម្រោងបើកសាខានៅក្នុងប្រទេសឡាវ ដើម្បីបន្តពង្រីកបណ្តាញហាងកាហ្វេច្រើនជាង ១០,០០០កន្លែងរបស់ខ្លួន នៅតាមបណ្តាប្រទេសនៃតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាម Starbucks ហាងខាងលើនឹងត្រូវបើកក្នុងរដ្ឋធានីវៀងច័ន្ទនៅរដូវក្តៅឆ្នាំក្រោយ គឺចន្លោះខែមិថុនា-ខែកញ្ញា។ Starbucks បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងប្រើវិសាលភាពជាសកលរបស់ខ្លួន ដើម្បីបង្កើតផលវិជ្ជមានព្រមទាំងឱកាសការងារ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាឡាវ។ ដោយឡែកឡាវក៏ជាប្រទេសដែលនាំចេញកាហ្វេផងដែរ។

គួរជម្រាបថា Starbucks កំពុងបន្តតាមដានស្ថានការណ៍ជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែនៅមានតែគោលដៅបើកសាខាក្នុងប្រទេសឡាវឲ្យបាន នៅកំឡុងរដូវក្តៅនៃឆ្នៃ២០២១។ គិតមកទល់ពេលនេះ ឡាវបានរកឃើញអ្នកឆ្លងកូវីដ-១៩ ត្រឹមតែ២៤ករណីប៉ុណ្ណោះ៕