(ភ្នំពេញ)៖ បន្ទាប់ពីសង្កេតឃើញ មានភាពជោគជ័យលើវិស័យចម្រៀង នៅពេលនេះតារាចម្រៀងសំនៀងស្អក ខេម ដែលត្រូវបានគេចាត់ទុកថា ជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានសាកល្បងចេញរកស៊ីជាលើកដំបូង ដោយ បានប្រើដើមទុន រហូតជាង២០ម៉ឺន ដុល្លារឯណោះ ដែលជាទំហំទឹកប្រាក់ធំគួរសមមួយសម្រាប់តារាចម្រៀង ខេម ខណៈដែលលោកពុំដែលមានមុខជំនួញរកស៊ីអ្វីឡើយ តាំងពីមានឈ្មោះល្បីក្នុងវិស័យសិល្បៈមក។ មុខជំនួញដំបូងរបស់ ខេម មិនមែនជាអចលនទ្រព្យ ដូចថៅកែរបស់ខ្លួនឡើយ ពោលគឺលោកបានបើកជាភោជនីយដ្ឋាន (ផាប់) លក្ខណៈស្តង់ដារមួយ។
តារាចម្រៀងល្បីឈ្មោះ លោក ប៉ុន សុណារិន ហៅ ខេម បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា មូលហេតុដែលនាំឲ្យលោក សម្រេចចិត្តបើកភោជនីយដ្ឋាន (ផាប់) នេះ ក៏ព្រោះតែលោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំមួយ ក្រៅពីការងារសិល្បៈ ត្បិតអីទៅថ្ងៃអនាគតមិនអាចតែពឹងលើសិល្បៈមួយមុខបានឡើយ។ ខេម បានបង្ហើបឲ្យដឹង ថា T&Y Restaurant ដែលខ្លួនហ៊ានវិនិយោគលើកដំបូងនេះ បានប្រើទុនរហូតដល់ទៅជាង២០ម៉ឺនដុល្លារឯណោះ ហើយមុខជំនួញនេះ មិនមានអ្នកណាម្នាក់ចូលហ៊ុនជាមួយលោកឡើយ គឺលោកបើកផ្ដាច់មុខតែម្ដង ប៉ុន្តែក្នុងនោះ មានការប្រឹក្សាពីបងប្រុសរបស់លោកម្នាក់ទៀតផងដែរ។
ខេម បន្តថា ការសម្រេចជ្រើសទីតាំងជិតវត្តសំរោងអណ្ដែតមក ផ្ដើមអាជីវកម្មលើកដំបូងនេះ លោកបានសិក្សាជាច្រើនឆ្នាំ នឹងច្បាស់លាស់ដោយយល់ថា នៅតំបន់នោះមានហាងច្រើន ប៉ុន្តែហាងបែបផាប់ មានប៊ែនច្រៀងមិនទាន់ មាននៅឡើយទេ ដូចនេះការបើកនៅទីតាំងនេះ វាពិតជាងាយស្រួលដល់អតិថិជន ដែលចង់សប្បាយបែបផាប់ មិនចាំបាច់ចូលកណ្ដាលទីក្រុងនោះទេ អាចមកកន្លែងលោកបាន។
តារាចម្រៀង ខេម បានពន្យល់នៃពាក្យ T&Y Restaurant មានន័យថា (Thank you អរគុណ) ដែលពាក្យមួយនេះមនុស្សគ្រប់គ្នា តែងនិយាយជាការគួរសម។
គួរបញ្ជាក់ថា T&Y Restaurant បានបើកលក់សាកល្បង ប៉ុន្មានថ្ងៃមកហើយ ឃើញថា មានការគាំទ្រច្រើនថ្ងៃសម្ពោធជាផ្លូវការ គ្រោងធ្វើនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងនេះ។ ទន្ទឹមនឹងគ្នានោះ ខេម ក៏បានស្នើដល់អ្នកគាំរបស់លោក ជាពិសេសអ្នកដែលរស់នៅតំបន់ហាងរបស់លោក អាចចាប់អារម្មណ៍ចូលសាកល្បងមុខម្ហូប ស្ដាប់ភ្លេង ហាងថ្មីឲ្យបានច្រើនកុះករផងដែរ៕