(ភ្នំពេញ)៖ លោក អ៊ុក សុធី នាយកបច្ចេកទេសក្រុមយុវជនថ្នាល នៃក្លិបភ្នំពេញក្រោន បានសម្លឹងឃើញកីឡាករវ័យក្មេង ៤រូបដែលអាចវិត្តន៍ខ្លួនចូលរួមជាមួយក្រុមធំ នារដូវកាលក្រោយ បន្ទាប់ពីពួកគេបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ក្នុងការប្រកួតជម្រើសជើងឯកលីគទី២ កម្ពុជា។

អតីតកីឡាករជម្រើសជាតិកម្ពុជា និងក្រុមភ្នំពេញក្រោនខាងលើបានបន្ដថា តាមរយៈការចូលរួមប្រកួតលីគទី២ ឆ្នាំ២០២០ គឺជាឱកាសល្អមួយ សម្រាប់កីឡាករថ្នាលរបស់ខ្លួនបញ្ចេញសមត្ថភាព បច្ចេកទេស និងអភិវឌ្ឍន៍ខ្លួនបន្ថែម ដើម្បីទទួលបានឱកាសឡើងទៅលេងក្រុមធំភ្នំពេញក្រោននារដូវកាលក្រោយ។

លោក អ៊ុក សុធី បញ្ជាក់ថា «ឥឡូវខ្ញុំមាន ៣ ទៅ ៤នាក់ដែលខ្ញុំចាប់ផ្ដើមសម្លឹងមើលពួកគាត់ ទាំងការហ្វឹកហាត់ និងការប្រកួត។ មានន័យថា បើសិនជាពួកគាត់ធ្វើបានល្អ ក្នុងលីគទី២ នេះ ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថា នឹងមានកីឡាករច្រើន ត្រូវប្រម៉ូតឡើងពីក្រុមតូចទៅក្រុមធំ។ ចឹងឥឡូវខ្ញុំមាន ៣ ទៅ ៤នាក់ កំពុងសម្លឹងមើលហើយ តែខ្ញុំសង្ឃឹមថា នឹងមានច្រើនតទៅទៀតសម្រាប់ឆ្នាំក្រោយ»

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមយុវជន U21 ភ្នំពេញក្រោន កំពុងឈរលេខរៀងទី៤ និងមាន ៧ពិន្ទុ ក្នុងតារាងចំណាត់ថ្នាក់បណ្ដោះអាសន្ននៃលីគទី២ កម្ពុជា បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់ ១។ ប៉ុន្ដែក្រុមយុវជនថ្នាលក្រុមសិង្ហក្រហមនេះ មិនមានសិទ្ធិឡើងទៅលេងលីគកំពូលកម្ពុជានោះទេ ដោយសារពួកគេ គឺជាបុត្រសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន ដែលជាសមាជិកលីគកំពូលកម្ពុជា រដូវកាលក្រោយស្រាប់៕