(អាមេរិក)៖ គណៈវិនិច្ឆ័យនៅរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានសម្រេចថា ក្រុមហ៊ុន Apple គួរតែត្រូវបង់ប្រាក់ចំនួន ៥០៣លានដុល្លារ ព្រោះល្មើសនឹងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធបច្ចេកវិទ្យា VPN របស់ក្រុមហ៊ុន VirnetX។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមឯកសារតុលាការ សំណុំរឿងខាងលើរវាង Apple និង VirnetX គឺទាក់ទងនឹងទៅបញ្ហាសន្តិសុខនៃការបញ្ជូនទិន្នន័យ នៅក្នុងឧបករណ៍ដូចជា iPhone, iPad, និង iPod Touch។ ពាក់ព័ន្ធការសម្រេចរបស់គណៈវិនិច្ឆ័យរដ្ឋតិចសាស់ជុំវិញសំណុំរឿងនេះ Apple បាននិយាយថា ខ្លួនមានការខកបំណងជាខ្លាំង ហើយគ្រោងនឹងដាក់ពាក្យតវ៉ាចំពោះការសម្រេចនេះ។
ក្រុមហ៊ុន VirnetX បានចោទប្រកាន់ក្រុមហ៊ុន Apple ថាមុខងារ VPN On Demand នៅលើឧបករណ៍របស់ Apple គឺប្រើប្រាស់បច្ចេកវិទ្យា ដែលស្ថិតក្រោមកម្មសិទ្ធិបញ្ញារបស់ខ្លួន។ យ៉ាងណាមិញ Apple បានដាក់មន្ទិលសង្ស័យចំពោះសុពលភាពនៃកម្មសិទ្ធិបញ្ញារបស់ VirnetX។ សំណុំរឿងនេះបានអូសបន្លាយប្រមាណជា១ទសវត្សរ៍មកហើយ៕