(កូរ៉េ)៖ បើតាមសេចក្តីប្រកាសពីផលិតកម្ម YG Entertainment នៅថ្ងៃទី០២ ខែវិច្ឆិកា នេះ បានឲ្យដឹងថា តារាចម្រៀងប្រុសប្រធានក្រុមច្រៀង BIGBANG គឺ G-Dragon បច្ចុប្បន្នកំពុងរៀបចំអាល់ប៊ុមចម្រៀងទោល ដើម្បីមកស្វាគមន៍អ្នកគាំទ្រជាថ្មី បន្ទាប់ពីញ្ចេញចម្រៀងទោលចុងក្រោយ តាំងឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
បើគេនៅចាំមិនភ្លេច អាល់ប៊ុមទោលចុងក្រោយរបស់ G-Dragon ត្រូវបានបញ្ចេញកាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ខណៈចម្រៀងរួមគ្នាក្នុងក្រុម BIGBANG គឺចម្រៀង «Flower Road» ត្រូវបានបញ្ចេញតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ ជាការពិត ក្រុមចម្រៀងបុរស BIGBANG គ្រោងចាប់ផ្តើមសកម្មភាពជាក្រុមឡើងវិញ ជាមួយកម្មវិធី «Coachella» នៅក្នុងខែមេសា ឆ្នាំនេះ តែគម្រោងនេះ ត្រូវបានលុបចោលទៅវិញ ដោយសារបញ្ហាកូវីដ១៩។
គួរជម្រាបថា G-Dragon ទើបតែបញ្ចប់ការបំពេញកាតព្វកិច្ច យោធាកាលពីឆ្នាំ២០១៩ ដោយត្រឡប់មកបន្តអាជីពសិល្បៈឡើងវិញ ខណៈនៅក្នុងខែមីនា ឆ្នាំ២០២០ ឆ្នាំនេះ មានសេចក្តីរាយការណ៍ថា លោកបានបន្តកុងត្រាថ្មីជាមួយផលិតកម្ម YG ដែលធ្វើឲ្យតារាចម្រៀងរូបនេះ នៅតែជាសិល្បករចាស់វស្សាររបស់ក្រុមហ៊ុន YG Entertainment ដដែល៕