(ភ្នំពេញ)៖ ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក ផ្នែកគ្រប់គ្រងថាមពលអគិ្គសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric (OSS) ជាភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់ម៉ាកយីហ៉ោ Moeller របស់ក្រុមហ៊ុន Eaton នៅកម្ពុជា។

ភាពជាដៃគូនេះចាប់ផ្ដើមនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ហើយនឹងផ្ដល់សិទ្ធិសម្រាប់ការចែកចាយ ផលិតផលអគ្គិសនីប្រភេទ ត្រង់ស្យុងកម្រិតទាប (Low Voltage) ពីម៉ាកយីហ៉ោ Moeller របស់ក្រុមហ៊ុន Eaton រួមមាន ឌីសង់ទ័រ ប្រភេទ MCB និងឌីសង់ទ័រទប់ភ្លើង (SPD) ដែលជាឧបករណ៍សំខាន់ៗ របស់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងថាមពលអគ្គិសនី នៅតាមបណ្ដាអាគារនីមួយៗ។

លោក Gary Ang, នាយកគ្រប់គ្រង ប្រចាំតំបន់ឥណ្ឌូចិន របស់ក្រុមហ៊ុន Eaton បានថ្លែងថា ជាមួយនឹងការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជា និងកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនី ប្រសិទ្ធភាព និងទំនុកចិត្តក្នុងការគ្រប់គ្រងថាមពលអគ្គិសនីនៅកម្ពុជា នឹងក្លាយជាកត្តាសំខាន់ ដើម្បីធានាឲ្យបានកំណើនប្រកបដោយចីរភាព។

លោកបន្តថា «ដំណើរនៃការអភិវឌ្ឍហេដ្ឋា រចនាសម្ពន្ធ័ថាមពលអគ្គិសនី របស់កម្ពុជាគឺទើបតែចាប់ផ្តើម ហើយយើងរីករាយដែលបានចាប់ផ្ដើមភាពជាដៃគូនេះ ជាមួយក្រុមហ៊ុន One Stop Solution Electric (OSS) ដើម្បីផ្ដល់សេវាជំនាញ និងដំណោះស្រាយរបស់យើងកាន់តែទូលំទូលាយ សម្រាប់អាជីវកម្មនៅទូទាំងប្រទេស»

លោក Tan Kim San នាយកគ្រប់គ្រង ក្រុមហ៊ុន One Stop Solution Electric (OSS) មានថ្លែងផងដែរថា ភាពជាដៃគូជាមួយ ក្រុមហ៊ុន Eaton នឹងអនុញ្ញាតឱ្យយើងផ្ដើមកិច្ចសហប្រតិបតិ្តការ កាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន និងអាចណែនាំផលប័ត្រផលិតផល ប្រកបដោយភាពច្នៃប្រឌិត និងសំបូរបែប របស់ពួកគេ មកដល់ប្រទេសកម្ពុជា តាមរយៈបណ្តាញក្រុមការងារក្នុងស្រុករបស់យើងដែលរឹងមាំស្រាប់។

លោកបន្តថា «ដោយកម្ពុជាកំពុងផ្ដោតចក្ខុវិស័យក្នុងការស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅប៉ុន្មានខែខាងមុខនេះ ដូច្នេះ យើងនឹងបានត្រៀមលក្ខណៈរួចរាល់ដើម្បីជួយគាំទ្រដល់ការងើបឡើងវិញនៃវិស័យសំណង់ និងការលក់រាយ»

ការបោះជំហានរបស់ក្រុមហ៊ុន Eaton មកកាន់ទីផ្សារកម្ពុជា នាពេលនេះ បញ្ជាក់ឲ្យឃើញពីការប្តេជ្ញារបស់ខ្លួនក្នុងការគាំទ្រដល់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងការផ្ដល់ដំណោះស្រាយគ្រប់គ្រងថាមពលអគ្គិសនីប្រកបដោយនិរន្តរភាពឲ្យកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។ ភាគច្រើននៃ ផលិតផលប្រភេទ តង់ស្យុងកម្រិតទាប (Low Voltage) ដែលស្ថិតក្រោមម៉ាកយីហោ Moeller របស់ក្រុមហ៊ុន Eaton ទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាទូរទៅក្នុងវិស័យសំណង់អគារលំនៅឋាន អគារពាណិជ្ជកម្ម និងអគារជាផ្សារលក់រាយដែលមានកម្ពស់ពីទាបទៅ មធ្យម ដែលសុទ្ធសឹងជាវិស័យដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងវិស័យសំណង់នៅកម្ពុជា។

ជាមួយនឹងបទពិសោធន៍ជាង ១០០ឆ្នាំ ក្រុមហ៊ុន ពហុជាតិលំដាប់ពិភពលោក និងមានវត្តមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាំងពីទសវត្សឆ្នាំ ១៩៧០ មកម្លេះ ក្រុមហ៊ុន Eaton មានកិត្តិនាមល្បីល្បាញក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងដំណោះស្រាយគ្រប់គ្រងថាមពលអគ្គិសនី។

អាជីវកម្មអគ្គិសនីរបស់ ក្រុមហ៊ុន Eaton គឺជាអាជីវកម្មឈានមុខគេលំដាប់ពិភពលោក ដែលមានជំនាញផ្នែក តំឡើងកម្មវិធីចែកចាយថាមពលអគ្គិសនី ការការពារចរន្តសៀគ្វី គុណភាពថាមពលអគ្គិសនី, ថាមពលអគ្គិសនីបម្រុង និងការផ្ទុកថាមពល ការត្រួតពិនិត្យ និងស្វ័យប្រវត្តិកម្ម សុវត្ថិភាព និងសន្តិសុខអាយុជីវិត ដំណោះស្រាយគ្រោងថាមពល និងដំណោះស្រាយគ្រោះថ្នាក់ផ្នែកបរិស្ថាន៕