(អាមេរិក)៖ តារាចម្រៀងមកពីរដ្ឋតិចសាស Nikki McKibbin សហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជាបេក្ខនារី ទទួលចំណាត់ថ្នាក់លេខ៣ នៅកម្មវិធី «American Idol» រដូវកាលទី១ បានទទួលមរណភាពក្នុងវ័យ ៤២ឆ្នាំ ដោយសារតែជំងឺសរសៃប្រសាទខួរក្បាលធ្ងន់ធ្ងរ។ នេះបើតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន AP នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
ស្វាមីរបស់ McKibbin គឺលោក Craig Sadler បានបញ្ជាក់ពីការទទួលមរណភាពរបស់ប្រពន្ធរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថា McKibbin បានទទួលមរណភាពនៅថ្ងៃពុធសប្តាហ៍មុន ដោយសារជំងឺសរសៃប្រសាទខួរក្បាល។ តែយ៉ាងណា ស្វាមីរបស់តារាចម្រៀងរូបនេះ មិនបានបញ្ជាក់ថា ស្លាប់នៅកន្លែងណានោះទេ។
ដោយឡែក ងាកមកកូនប្រុសរបស់ McKibbin វិញបានប្រាប់កាសែត New York Time ថា ម្តាយរបស់ខ្លួនបានស្លាប់នៅទីក្រុង Arlington រដ្ឋតិចសាស។
គួរជម្រាបថា Nikki McKibbin គឺជាតារាចម្រៀងរ៉ក់ល្បីឈ្មោះមួយរូបរបស់អាមេរិក ដែលបានបង្ហាញវត្តមានក្នុងកម្មវិធី «American Idol» ក្នុងឆ្នាំ២០០២ ជាពេលវេលាដែលធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាព និងមានមហាជនស្គាល់កាន់តែច្រើនគាំទ្រ។ កំឡុងពេលប្រកួត McKibbin បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ តាមពីក្រោយ Justin Guarini ទទួលចំណាត់ថ្នាក់លេខ២ និង Kelly Clarkson បានឈ្នះការប្រកួត ទទួលពានរង្វាន់ក្នុងកម្មវិធី «American Idol» ក្នុងឆ្នាំ២០០២៕