(កូរ៉េ)៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរទីក្រុងសេអ៊ូល បានរាយការណ៍ថា តារាកំប្លែងល្បីឈ្មោះរបស់កូរ៉េ គឺ Park Ji Sun និងម្តាយរបស់នាង ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់ពួកគេ ស្ថិតនៅស្រុក Mapo ទីក្រុងសេអ៊ូល កាលពីវេលាម៉ោង ១៖៤៤ នាទីរសៀល (ពេលវេលានៅកូរ៉េ)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមមន្ត្រីប៉ូលីស នៅតំបន់នោះបានឲ្យដឹងថា ឪពុករបស់តារាកំប្លែង Park Ji Sun បានទូរស័ព្ទទៅប៉ូលីសភ្លាមៗ បន្ទាប់ពីមិនអាចទំនាក់ទំនងទៅកាន់ភរិយា និងកូនស្រីរបស់ខ្លួនបាន។ នៅពេលប៉ូលីសទៅដល់ផ្ទះរបស់ពួកគេ ក៏ស្រាប់តែប្រទះឃើញ Park Ji Sun និងម្តាយរបស់នាងស្លាប់បង់បាត់ជីវិតទៅហើយ។ ប៉ូលីសបានបញ្ជាក់ថា គ្មានភស្តុតាងណាមួយដែលបញ្ជាក់អំពីការធ្វើឃាត ត្រូវបានរកឃើញនោះទេ ខណៈបច្ចុប្បន្នការស្លាប់របស់តារាកំប្លែង Park Ji Sun និងម្តាយរបស់នាងកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

គួរជម្រាបថា Park Ji Sun គឺជាតារាកំប្លែងមួយរូប ដែលបានចាប់ផ្តើមអាជីពនេះតាំងនៅឆ្នាំ២០០៧ ស្ថិតក្រោមការគ្រប់គ្រងរបស់ទូរស្សន៍ KBS កូរ៉េ។ នាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីជាច្រើន និងបានរៀបចំព្រឹត្តិការណ៍ជាច្រើន ដូចជាសន្និសីទសារព័ត៌មាន និងការតាំងពិព័រណ៍ជាដើម៕