(អង់គ្លេស)៖ ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន របស់ចក្រភពអង់គ្លេស ត្រូវការការគាំទ្រជាបន្ទាន់ ដើម្បីបន្តដំណើរការនៅក្នុង «អនាគតដ៏អាប់អួរ» ដែលបណ្តាលមកពីការបិទប្រទេសជាថ្មី នៅក្នុងចក្រភពអង់គ្លេស, នេះជាការលើកឡើងពីប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋាន Manchester Airport Group លោក Charlie Cornish ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ការធ្វើដំណើរកម្រិតទាបបំផុត នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ស្ថិតនៅក្រោមសម្ពាធហិរញ្ញវត្ថុសារជាថ្មី បន្ទាប់ពីដំណើរការអាជីវកម្មរបស់ពួកគេត្រូវបានបិទ នៅអំឡុងពេលការបិទប្រទេសលើកដំបូង នៅចក្រភពអង់គ្លេស ហើយឥឡូវនេះ ពួកគេកំពុងប្រឈមនឹងការគ្មានប្រាក់ចំណូលមួយខែទៀត នៅអំឡុងពេលការបិទប្រទេសជាលើកទី២។

លោក Charlie Cornish លើកឡើងថា ការបិទប្រទេសសារជាថ្មី នៅចក្រភពអង់គ្លេស គ្រោងនឹងចាប់ផ្តើមឡើងនៅថ្ងៃព្រហស្បត្តិ៍ ហើយនឹងហាមឃាត់ លើការធ្វើដំណើរកម្សាន្តអន្តរជាតិ ដែលនឹងធ្វើឲ្យផ្នែកខ្លះ នៃវិស័យអាកាសចរណ៍ មិនមាននិរន្តរភាព។

មុនពេលរាតត្បាតពីវីរ៉ុស COVID-19, វិស័យអាកាសចរណ៍អង់គ្លេសមានការរីកចម្រើន។ ការដឹកជញ្ជូនតាមផ្លូវអាកាស និងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ ដែលទាក់ទងនឹងការមកដល់របស់ភ្ញៀវទេសចរ បានផ្តល់ការងារចំនួន១,៦លានកន្លែង និងស្មើនឹង៤,៥ភាគរយ នៃ GDP របស់ចក្រភពអង់គ្លេស។

ប៉ុន្តែឥឡូវនេះ មានការងារជាង២០,០០០កន្លែង ត្រូវបានបាត់បង់ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ របស់ចក្រភពអង់គ្លេស ដូចជា ក្រុមហ៊ុន British Airways និងក្រុមហ៊ុន easyJet៕