(សៀមរាប)៖ ប្រាសាទជម ជាប្រាសាទតូចប្រាង្គទោល និងមានប្លង់ដូចគ្នានឹងប្រាសាទកោរសក់ តែតូចជាងបន្តិច ខណៈប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងនៅបន្សល់ក្បូរក្បាច់ចម្លាក់យ៉ាងល្អវិចិត្រ ស្រដៀងទៅនឹងប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញនោះដែរ។

ស្ថិតក្នុងក្រុងអង្គរធំ ប្រាសាទជម តាំងនៅខាងកើតប្រាសាទកោរសក់បន្តិច ហើយមានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ មានទំហំ ៣៥ x ២៨ ម៉ែត្រ ស្ថិតនៅលើខឿនបីជាន់ខ្ពស់ផុតពីដី មានទ្វារចូលគ្រប់ទិសទាំង ៤ ជ្រកក្រោមម្លប់ព្រឹក្សាយ៉ាងត្រឈឹងត្រឈៃ។

ដោយសារអាយុកាល និងរងនូវអាកាសធាតុផ្លាស់ប្ដូរតាមរដូវជិត ១០០០ ឆ្នាំ បានធ្វើឱ្យប្រាសាទនេះបែកបាក់ជាច្រើនអន្លើ ជាពិសេសផ្នែកខាងលើ។ ម្យ៉ាងទៀតក៏ប្រហែលដោយសារថ្មបាយក្រៀមនៅខាងក្នុងឈានដល់កាលវេលាពុកផុយផងនោះ ទើបថ្មភក់ដែលនៅខាងក្រៅត្រូវរលំធ្លាក់អស់ ប៉ុន្តែនៅរក្សាបានភាពអស្ចារ្យដែលបុព្វបុរសខ្មែររចនាទុក។

ក្បាច់ចម្លាក់ដែលគេស្ញប់ស្ញែង គឺនៅលើផ្ដែរ ដែលនៅល្អគ្រប់ទ្វារទាំងបួន។ សិល្បករបុរាណបានរចនាផ្ដែរយ៉ាងល្អឆើត ក្បាច់លម្អ គឺឆ្លាក់ចូលជ្រៅទៅក្នុងសាច់ថ្ម។ ផ្ដែរខាងជើងបង្ហាញពីរឿងកូរសមុទ្រទឹកដោះ ហើយផ្ដែរខាងត្បូងបង្ហាញឈុតព្រះក្រឹស្ណៈលើកភ្នំគោវធ៌ន (ឆ្លាក់មិនទាន់រួចរាល់) ឯផ្ដែរខាងលិចបង្ហាញលក្ខណៈត្រីមូតិ គឺមានព្រះសិវៈព្រះហស្ដ ៨ ឈររាំលើក្បាលព្រះកាល ហើយមានព្រះវិស្ណុ និងព្រះព្រហ្មនៅសងខាង ហើយផ្ដែរខាងកើតបង្ហាញពីទេពគង់លើព្រះកាល។

នៅលើជញ្ជាំងប្រាសាទវិញមានចម្លាក់ស្រីអប្សរនៅតាមជ្រុង និងអមស៊ុមបង្អួចចំនួន ២៤ ដែលគេអាចឃើញនៅស្អាតនៅឡើយ។ មានចម្លាក់ទ្វារបាលចំនួន ៨ អមទ្វារចំហទៅទិសទាំងបួន។ រីឯហោជាងភាគច្រើនបែកបាក់ធ្លាក់មកក្រោម។

នៅផ្នែកខាងលិចនៃប្រាង្គប្រាសាទមានចម្លាក់ហោជាងមួយបង្ហាញអំពីព្រះវិស្ណុគង់លើគ្រុឌ ហើយនៅខាងជើងឆៀងខាងកើតមានចម្លាក់សេះក្បាលបីឆ្លាក់នៅលើផ្ទាំងថ្មមួយ ដែលទំនងជាយានជំនិះរបស់ព្រះចន្ទ្រា។

ម្យ៉ាងទៀត នៅក្បែរផ្លូវចូលនៃកំពែងខាងលិចប្រាង្គ មានចម្លាក់ក្រឡោតខ្ពស់បង្ហាញពីទ្វារបាលពីរអង្គឈរបែរមុខទៅកើត តែនៅសល់ត្រឹមកជើងលើជើងទម្រប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពបន្ថែមតាមរយៈលីងនេះ https://goo.gl/maps/CRjXzWsK1zm73N5v5