(សៀងហៃ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies មានគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបផ្ទាល់ខ្លួនមួយ នៅក្នុងទីក្រុងសៀងហៃ ដោយមិនប្រើបច្ចេកវិទ្យាណាមួយរបស់អាមេរិកឡើយ ដែលគោលបំណងនេះដើម្បីព្យាយាមជម្នះការរឹតត្បិតទណ្ឌកម្មពីសំណាក់ រដ្ឋាភិបាលអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Financial Times នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមសារព័ត៌មានខាងលើ រោងចក្រនោះត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើការផលិតបន្ទះឈីបគុណភាពល្មមៗប្រភេទ 45nm។ ក្រុមហ៊ុន Huawei មានគោលដៅផលិតបន្ទះឈីបប្រភេទ 28nm សម្រាប់ពពួកឧបករណ៍ Internet of Things (IoT) នៅត្រឹមចុងឆ្នាំ២០២១ និងផលិតប្រភេទ 20nm សម្រាប់សម្ភារៈទូរគមនាគមន៍នៃប្រព័ន្ធ 5G នៅចុងឆ្នាំ២០២២។

គួរជម្រាបថា រោងចក្រនោះនឹងស្ថិតក្រោមការធ្វើប្រតិបត្តិការដោយក្រុមហ៊ុនស្រាវជ្រាវ Shanghai IC R&D ខណៈ Huawei ផ្ទាល់មិនមានបទពិសោធន៍ក្នុងការផលិតបន្ទះឈីប។ កន្លងមកនេះ ចិនបានប្តេជ្ញាថានឹងកសាងស្នូលបច្ចេកវិទ្យាប្រចាំប្រទេសខ្លួនផ្ទាល់ ព្រោះមិនអាចរង់ចាំតែទិញពីប្រទេសដទៃនោះទេ៕