(ម៉ាឌ្រីដ)៖ កីឡាករខ្សែការពារ Eder Militao ត្រូវបានដកឈ្មោះចេញពីក្រុម មុនពេល Real Madrid ត្រូវប៉ះ Inter Milan ក្នុងព្រឹត្តិការណ៍ UEFA Champions League រាត្រីនេះ បន្ទាប់ពីតេស្តវិជ្ជមាននៃជំងឺ Covid-19 នាថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។
ខ្សែការពារអន្តរជាតិប្រេស៊ីល វ័យ ២២ឆ្នាំខាងលើនេះ ត្រូវបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែកពីគេ ដើម្បីព្យាបាលផងដែរ ដែលអវត្តមានពីជំនួបសំខាន់ក្នុងការជួយ Real Madrid រក ៣ពិន្ទុលើកដំបូងក្នុងពានអឺរ៉ុបនេះដែរ។
ក្នុងរបាយការណ៍ដែលចេញដោយ Real Madrid ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា ទាំងកីឡាករ និងមន្រ្តីក្លិបដទៃទៀត ពុំមានវិជ្ជមាននៃជំងឺ Covid-19 នោះទេ មានតែ Militao ម្នាក់គត់ក្នុងការធ្វើតេសត្តកាលពីចុង សប្តាហ៍កន្លងទៅ។
Militao ទើបតែបានចូលលេង ៣ប្រកួតប៉ុណ្ណោះឲ្យក្លិបអេស្ប៉ាញ Real Madrid នារដូវកាលនេះ ក្នុងនោះ ២ប្រកួតនៅ Champions League និង ១ប្រកួតនៅលីគកំពូល La Liga ក្នុងនាមកីឡាករដែលលេងក្នុងតំណែងការពារត្រូវអធិរាជស នាំចូលពីក្លិប FC Porto របស់ព័រទុយហ្គាល់ក្នុងឆ្នាំ២០១៩៕