(ក្រុងឡុងដ៍)៖ ក្រុមកញ្រ្ជោងខៀវ Leicester City បានហក់ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ នៃតារាង Premier League ជាបណ្តោះអាសន្នវិញ ក្រោយបន្ថែម ៣ពិន្ទុក្នុងជ័យជម្នះ ៤-១ ទៅលើម្ចាស់ផ្ទះ Leeds United ក្នុងសប្តាហ៍ទី៧ នារាត្រីថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

៣ពិន្ទុពេញក្រៅដីនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Branden Rogders រកបាន ១៥ពិន្ទុ ក្រោយឆ្លងកាត់ ៧ប្រកួតជើងទី១ តាមពីក្រុមកំពូលតារាង និងជាក្រុមការពារតំណែងជើងឯក Liverpool មកនៅត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ នៅពេលពួកគេ (Liverpool) ក៏បានយកឈ្នះ West Ham United ២-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនផងដែរ។

Leicester City ដែលជាក្រុមជើងឯក Premier League កាលឆ្នាំ២០១៦ នោះ បានបើកការនាំមុខ ២គ្រាប់ត្រឹមរយៈពេល ៤៥នាទីដំបូង ដើម្បីបន្តកំណត់ត្រាឈ្នះ ៤ប្រកួតផ្ទួនៗគ្នាទាំងពានលីគកំពូលអង់គ្លេស និងពានអឺរ៉ុប UEFA Europa League ក្នុងរដូវកាលឆ្នាំ២០២០-២០២១ នេះ។

កីឡាករខ្សែប្រយុទ្ធជើងចាស់ Jamie Vardy រកបាន ១គ្រាប់នៅនាទី៧៦ និង Assist ១គ្រាប់ផងដែរនៅនាទីទី២ ឲ្យមិត្តរួមក្រុម Barnes និង Tielemans រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី២១ និងប៉េណាល់ទីនៅនាទី៩០+១ នៅពេលដែល Harrison រកបានតែ ១គ្រាប់ឲ្យក្រុមទើបឡើងមកលេងនៅ Premier League នារដូវកាលនេះក្នុងនាទី៤៨៕