(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់បើកដំណើរការការិយាល័យស្នាក់ការកណ្តាលថ្មីរបស់ខ្លួន នៅអគារ ធីខេ សេនត្រល ដើម្បីឆ្លើយតបទៅនឹងកំណើនក្រុមការងាររបស់ខ្លួន ព្រមទាំងដើម្បីជួយកសាងអនាគតហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា។

ការផ្លាស់ប្តូរទីតាំងការិយាល័យថ្មីនេះ នឹងជួយឲ្យក្រុមហ៊ុនបន្តការផ្ដល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ និងផ្តល់ជូននូវការការពារហិរញ្ញវត្ថុ ដែលឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់ប្រជាជនកម្ពុជា ក៏ដូចជាដើម្បីបង្កើតនូវបរិយាកាសការងារ ដែលជំរុញឲ្យមានផលិតភាពការងារខ្ពស់ ការច្នៃបង្កើតថ្មី និងកិច្ចសហការគ្នាជាក្រុមផងដែរ។ ការិយាល័យថ្មីនេះនឹងដើរតួនាទីជាមជ្ឈមណ្ឌលបម្រើអតិថិជន ជាការិយាល័យធ្វើការ និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់បុគ្គលិក ក៏ដូចជាទីប្រឹក្សាធានារ៉ាប់រងផងដែរ។

ក្នុងឱកាសនៃការស្វាគមន៍ដល់អតិថិជន បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួន មកកាន់ការិយាល័យស្នាក់ការកណ្តាលថ្មីនេះ លោក Justin Helferich ដែលជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា «ការផ្លាស់ប្តូរទីតាំងការិយាល័យស្នាក់ការកណ្តាលនេះ បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះប្រជាជនកម្ពុជា និងការវិនិយោគនៅក្នុងទីផ្សារកម្ពុជាក្នុងរយៈពេលវែង។ ពួកយើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងអនាគតហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង ជូនក្រុមគ្រួសារកម្ពុជា ហើយដើម្បីសម្រេចនូវគោលបំណងមួយនេះបាន យើងត្រូវផ្តល់ជូននូវបទពិសោធន៍កន្លែងការងារល្អប្រសើរ ដល់ក្រុមការងាររបស់យើងដែលកំពុងកើនឡើង។ ខ្ញុំជឿជាក់ថា បុគ្គលិកគ្រប់រូបនឹងពេញចិត្តនូវកន្លែងការងារថ្មីនេះ ហើយខ្ញុំសង្ឃឹមថាវានឹងជំរុញឲ្យមាននូវភាពច្នៃប្រឌិតខ្ពស់ កិច្ចសហការគ្នាល្អ ផលិតភាពការងារខ្ពស់ ជាពិសេសជំរុញនូវការប្តេជ្ញាចិត្តខ្ពស់របស់យើង ក្នុងការផ្តល់ជូននូវការការពារហិរញ្ញវត្ថុ ជូនដល់គ្រួសារកម្ពុជាឲ្យកាន់តែប្រសើរជាមុន»។

ធីខេ សេនត្រល មានទីតាំងស្ថិតនៅចំកណ្តាលខណ្ឌទួលគោក ដែលជាតំបន់ពាណិជ្ជកម្មកណ្តាលទី ២ និងកំពុងតែរីកលូតលាស់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមកដល់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អន្តរជាតិដំបូងគេបង្អស់។ ក្នុងនាមជាក្រុមហ៊ុនមួយ ដែលយកចិត្តទុកដាក់ខ្ពស់លើបុគ្គលិក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទើបតែបានឈ្នះពានរង្វាន់អន្តរជាតិក្នុងនាមជា «ស្ថាប័នការងារឈានមុខគេនៅអាស៊ី» ពីស្ថាប័ន Asia Corporate Excellence & Sustainability (ACES) ដោយត្រូវបានទទួលស្គាល់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការយកចិត្តទុកដាក់ និងការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់ខ្លួន៕