(ឡុងដ៍)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឲ្យដឹងពីព្រឹត្តិការណ៍ពិសេសមួយ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែវិច្ឆិកា ប៉ុន្តែពុំមានផ្តល់ព័ត៌មានលម្អិតអ្វីឡើយជុំវិញព្រឹត្តិការណ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពីខែតុលាកន្លងទៅ Apple ទើបតែបានប្រកាសចេញ iPhone ស៊េរីថ្មីគឺ ក្រុម iPhone 12 ហើយកាលពីខែកញ្ញា Apple ក៏បានប្រកាសពី Apple Watch ស៊េរីថ្មី រួមទាំងកញ្ចប់សេវាកម្មរបស់ខ្លួនមួយផងដែរ។ ចំណែកកាលពីខែមិថុនាវិញ ក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា ខ្លួននឹងបញ្ចេញកុំព្យូទ័រ Mac ស៊េរីថ្មី ដែលប្រើប្រាស់បន្ទះឈីប CPU ផ្ទាល់ខ្លួនហៅថា Apple Silicon មុនដំណាច់ឆ្នាំនេះ។

គួរជម្រាបថា បើតាមក្រុមអ្នកវិភាគ កុំព្យូទ័រ Mac ស៊េរីថ្មីនោះ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ថ្ងៃទី១០ ខែវិច្ឆិកា ខាងលើ។ បន្ទះឈីប Apple Silicon នឹងជាការចាប់ផ្តើមងាកចេញពីក្រុមហ៊ុន Intel Corp ដែលជាអ្នកផ្គត់ផ្គង់ CPU សម្រាប់កុំព្យូទ័ររបស់ Apple តាំងតែពីឆ្នាំ២០០៦មក។ ក្រៅពីកុំព្យូទ័រ Mac ស៊េរីថ្មី ក្រុមអ្នកវិភាគក៏ជឿជាក់ថា Apple ក៏កំពុងអភិវឌ្ឍកាស AirPod ស៊េរីថ្មីផងដែរ៕