(ភ្នំពេញ)៖ សំបុត្រចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ ចាប់ផ្ដើមលក់ថ្ងៃនេះហើយ មុនពេលការប្រកួតនឹងធ្វើឡើង នាថ្ងៃទី០៧ ខែវិច្ឆិកាចុងសប្ដាហ៍នេះនៅពហុកីឡដ្ឋានជាតិ។
យោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សំបុត្រទស្សនាការប្រកួតដ៏កក្រើកខាងលើ គឺលក់រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី០៣-០៦ ខែវិច្ឆិកា ពោលគឺមុនការប្រកួត ១ថ្ងៃ ដោយរក្សាតម្លៃ ៤,០០០រៀលដដែល។ ប៉ុន្ដែដើម្បីបង្ការជំងឺកូវីដ-១៩ អ្នកគាំទ្រត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឬបណ្ណសម្គាល់ខ្លួន ទើបអាចទិញសំបុត្របាន។
ចំពោះកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី០៧ ខែវិច្ឆិកាវិញ រួមមានក្រុមភ្នំពេញក្រោន នឹងត្រូវជួបក្រុមជម្រើសខេត្តព្រៃវែងនាវេលាម៉ោង ៣រសៀល ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ បន្ទាប់មកទើបឈានដល់គូដណ្ដើមតំណែងជើងឯក រវាងក្រុមណាហ្គាវើលដ៏ ជាមួយក្រុមវិសាខា ដែលនឹងចាប់ផ្ដើមការប្រកួតនាម៉ោង ៦ល្ងាចនៅពហុកីឡដ្ឋានជាតិតែមួយគត់។
សូមរំឮកថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមនីមួយៗ សុទ្ធតែបានឆ្លងកាត់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះក្រុមណាហ្គាបានយកឈ្នះភ្នំពេញក្រោន ៣-១ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ០-០ ស្របពេលវិសាខា បានយកឈ្នះខេត្តព្រៃវែង ៩-៨ ក្រោយប្រកួត ៩០នាទីស្មើគ្នា ១-១ កាលពីថ្ងៃទី២១ ខែតុលាកន្លងទៅ៕