(ភ្នំពេញ)៖ ទីបំផុតក្រុមចម្រៀងនារីកម្ពុជា ឈ្មោះថា «FGG» បានលេចរូបរាងឡើងជាផ្លូវការហើយ បន្ទាប់ពីបានរៀបចំពិធីសម្ពោធក្រុមរួចរាល់ ខណៈកម្មវិធីសម្ពោធនេះ គឺត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ហ្វឺស យូណាយណេតវើក អេនធើធេនម៉ិន ឯ.ក ហៅកាត់ថា ហ្វាន់ អេនធើធេនម៉ិន។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន មានគោលបំណង ក្នុងការបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានជំនាញ និងទេពកោសល្យ និងក្តីស្រមៃ ដែលចង់ក្លាយខ្លួនជាតារា ដើម្បីបញ្ចេញសមត្ថភាព លើឆាកជាតិ និងអន្តរជាតិ ហើយដើម្បីក្លាយខ្លួនជាផ្នែកមួយ ក្នុងការចែករំលែកនូវវប្បធម៌ អរិយធម៌ និងវិស័យទេសចរណ៍ជាតិ ឲ្យកាន់តែរីកសុះសាយ ទៅកាន់ឆាកអន្តរជាតិ។

ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានរៀបចំកម្មវិធីសម្ពោធក្រុមចម្រៀងនារីកម្ពុជា «FGG» រួមជាមួយបទចម្រៀងដែលជាស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុន មានចំណងជើង «HEART BEAT» បានដាក់ចេញជាផ្លូវការ ដោយជោគជ័យ ខណៈកម្មវិធីនេះត្រូវបានធ្វើឡើង នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ (ជាន់ផ្ទាល់ដី) ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី កុច មារតី អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា, ព្រះនាងតូច នរោត្តម ចេនណា, អ្នកនាង អ៊ីង ស៊ែរ អគ្គនាយិការក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន, អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងវត្តមានរបស់តារាកិត្តិយស ជាច្រើនរូបទៀតប្រចាំប្រទេសកម្ពុជា។

អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន បានថ្លែងថា កម្មវិធីសម្ពោធនេះធ្វើឡើង គឺដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានយកចិត្តទុកដាក់ ក្នុងការចូលរួមពង្រឹងវិស័យសិល្បៈ និងចម្រៀងរបស់ជាតិ ឲ្យកាន់តែមានគុណភាពល្អបន្ថែមទៀត។ ជាពិសេសក្រុមហ៊ុន បានផ្តោតខ្លាំងបំផុត គឺការនិពន្ធនូវទំនុកចម្រៀងដែលជាស្នាដៃថ្មី មិនមានការថតចម្លង ឬយកលំនាំតាមពីបរទេស ទាំងសាច់ភ្លេង និងក្បាច់រាំ។ មួយវិញទៀត ក្រុមហ៊ុនចង់ជម្រុញឲ្យក្រុមចម្រៀងនារីកម្ពុជាយើង ដែលមានឈ្មោះថា «FGG» ទទួលបាននូវឱកាសក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យ ក្នុងការសម្ដែង ច្រៀង និងរាំ នៅលើឆាក ដើម្បីទទួលបាននូវការគាំទ្រ ស្រឡាញ់ និងរាប់អានពីទស្សនិកជន ក៏ដូចជាមហាជន។

តំណាងក្រុមហ៊ុនរូបនេះ បានបន្តថា ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប។ ក្រុមហ៊ុននេះទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការរៀបចំកម្មវិធីជ្រើសរើស «ធីតាឯកសង្រ្កាន្តឆ្នាំ២០២០» កាលពីខែមេសានេះ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន មានគោលបំណង ក្នុងការបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានជំនាញ និងទេពកោសល្យ និងក្តីស្រមៃ ដែលចង់ក្លាយខ្លួនជាតារា ដើម្បីបញ្ចេញសមត្ថភាព លើឆាកជាតិ និងអន្តរជាតិ ហើយដើម្បីក្លាយខ្លួនជាផ្នែកមួយ ក្នុងការចែករំលែកនូវវប្បធម៌ អរិយធម៌ និងវិស័យទេសចរណ៍ជាតិ ឲ្យកាន់តែរីកសុះសាយ ទៅកាន់ឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពចូលរួមលើកស្ទួយនូវវប្បធម៌ជាតិ និងវិស័យសិល្បៈជាតិ ក្រុមហ៊ុនក៏បានរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍សង្គម ដើម្បីផលប្រយោជន៍សាធារណៈតាមរយៈការធ្វើសប្បុរសធម៌ ដើម្បីជួយកាត់បន្ថយនូវការរីករាលដាល ជំងឺកូវីដ-១៩ កន្លងទៅ។ ជាមួយគ្នានេះ សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ក៏បានផ្តល់នូវជំនួយជា ថវិកាចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋ និងគ្រឿងឧបភោគ-បរិភោគ ដែលគិតជាទឹកប្រាក់ចំនួន ៧៥,០០០ដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រីនស៍ គឺនៅតែបន្តសកម្មភាពមនុស្សធម៌ ដោយឧបត្ថម្ភថវិកាចំនួន ៥៨, ០០០ ដុល្លារអាមេរិក ផ្តល់ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ទិញគ្រឿងឧបភោគ-បរិភោគ ដើម្បីចុះជួយជនរងគ្រោះដែលកំពុងជួបប្រទះ នូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់បន្ថែមទៀតផងដែរ៕