(ក្រុងឡុងដ៍)៖ កម្មវិធីប្រកួតកីឡាវាយកូនហ្គោល ប្រណាំងឡាន និងតេន្នីស ត្រូវបានប្រកាសពន្យារពេលប្រកួត បន្ទាប់ពីផ្ទុះឡើងវិញនៃជំងឺផ្លូវដង្ហើម Covid-19 នៅប្រទេសអង់គ្លេស លើកលែងតែបាល់ទាត់មួយគត់ ដែលនៅមានសកម្មភាព។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ការសម្រេចពន្យារពេលចាប់ផ្តើម ក៏ដូចជាការប្រកួតទាំងក្នុង និងក្រៅសាលយ៉ាងហោចណាស់ក៏ដល់ថ្ងៃទី០៣ ខែធ្នូចុងឆ្នាំដែរ ដ្បិតប្រទេសនៅអឺរ៉ុបមួយនេះត្រូវបានបិទរហូតដល់ ៤សប្តាហ៍ឯណោះ។

តែយ៉ាងណាសម្រាប់បាល់ទាត់ដែលនៅមានសកម្មភាពនោះ ក៏តម្រូវឲ្យបន្តប្រកួតបិទទ្វារទៀតដែរ ព្រោះដើម្បីកាត់បន្ថយ និងបង្ការជំងឺ Covid-19 គ្រាដែលរលកទី២ បានកំពុងផ្ទុះឡើង។

បន្ថែមលើនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនរដ្ឋាភិបាលរបស់លោក Boris Johnson ក៏បានជូនដំណឹងដល់កន្លែងកម្សាន្ត និងក្លឹបហាត់ប្រាណនានាឲ្យបិទទ្វារទៀតដែរ៕