(ពិភពលោក)៖ ឈូងសមុទ្រត្រូវបានគេចាត់ទុកថាជា «ដៃសមុទ្រ» ដែលរុលចូលទៅតាមជ្រោយទ្វីបនានា បង្កើតបានជាអាងទឹកប្រៃដ៏ធំ ស្តុកទុកនូវធនធានធម្មជាតិ ប្រេងកាត ព្រមទាំងធនធានមច្ឆាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ តើអ្នកដឹងទេថា នៅលើផែនដីយើងនេះ ឈូងសមុទ្រមួយណាដែលធំជាងគេ?
អ្នកជំនាញបានបែងចែកឈូងសមុទ្រទាំងអស់នៅពិភពលោកមានចំនួន ៦២ ក្នុងនោះឈូងសមុទ្រដែលធំជាងគេបំផុត គឺឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) នៅទ្វីបអាមេរិកខាងជើង បន្ទាប់មកមានឈូងសមុទ្រហ្គីណេ (Gulf of Guinea) នៅទ្វីបអាហ្វ្រិកប៉ែកខាងលិច ឈូងសមុទ្រអាឡាស្កា (Gulf of Alaska) នៅរដ្ឋអាឡាស្កា ឆកសមុទ្រហ៊ូដសុន (Hudson Bay) នៅប្រទេសកាណាដា ឈូងសមុទ្រពែក្ស (the Persian Gulf) ជាដើម។
* អំពីឈូងសមុទ្រម៉ិកស៉ិក
ឈូងសមុទ្រម៉ិកស៉ិក គឺជាសមុទ្រធំមួយនៃមហាសមុទ្រអាត្លង់ទិក ដែលព័ទ្ធជុំវិញដោយទ្វីបអាមេរិកខាងជើង។ ឈូងសមុទ្រដ៏ធំមហិមានេះមានព្រំប្រទល់ភាគខាងជើង ភាគឦសាន និងភាគពាយព្យជាប់ជាមួយរដ្ឋចំនួន ៥ នៃសហរដ្ឋអាមេរិក រួមមាន៖ តិចសាស់ (Texas) ល្វីស្យាណា (Louisiana) មីស៉ីស៉ីពី (Mississippi) អាឡាបាម៉ា (Alabama) និងផ្លរីដា (Florida)។
ចំណែកនៅភាគខាងត្បូង និងភាគនិរតីជាប់ជាមួយរដ្ឋចំនួន ៦ នៃប្រទេសម៉ិកស៊ិក រួមមាន៖ តាម៉ៅលីប៉ាស (Tamaulipas) វែរ៉ាគ្រូស (Veracruz) តាប៉ាស្កូ (Tabasco) កាំប៉ិចឆេ (Campeche) យូកាតាន់ (Yucatan) និងគីនតាណារ៉ូ (Quintana Roo) ហើយនៅភាគអាគ្នេយ៍ជាប់ជាមួយប្រទេសគុយបា។
ឈូងសមុទ្រម៉ិកស៉ិកបានកើតឡើងដោយសារចលនារំកិលនៃសំបកផែនដី ឬ Plate Tectonic កាលពីប្រមាណ ៣០០ លានឆ្នាំមុន។
អាងសមុទ្រដ៏ធំមួយនេះមានទំហំដល់ទៅ ៦១៥,០០០ ម៉ែត្រការ៉េ និងមានចំណុះបរិមាណទឹកដល់ទៅ ២.៥ លានគីឡូម៉ែត្រគូបឯណោះ។
អ្វីដែលពិសេសនៅក្នុងឈូងសមុទ្រម៉ិកស៊ិកនេះ គឺវាពោរពេញទៅដោយតំបន់ផលិតកម្មប្រេងកាតដ៏សំខាន់បំផុតមួយនៅលើពិភពលោក ដែលមានចំនួន ១ ភាគ ៦ នៃផលិតកម្មប្រេងឥន្ធនៈសរុបរបស់សហរដ្ឋអាមេរិក។ ក្រៅពីនោះ វាបានផ្ដល់នូវធនធានមច្ឆាជាតិ ភាពអំណោយផលដល់ការធ្វើជំនួញពាណិជ្ជកម្ម និងជាទីតាំងកំពង់ផែអន្តរជាតិដ៏សំខាន់របស់រដ្ឋអាអាមេរិក និងប្រទេសដៃគូផងដែរ៕