(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រហែលជានៅចាំកុមារាម្នាក់ ដែលមានទេព្យកោសល្យយ៉ាងអស្ចារ្យ តាមរយៈការចងចាំយ៉ាងច្បាស់លាស់ នូវឈ្មោះប្រធានាធិបតីអាមេរិកទាំង៤៥រូប ព្រមទាំងសេចក្តីលំអិតអំពីរូបរាង សំឡេង ចំណីអាហារ និងសម័យកាលកំណើតរបស់អំបូរពូជសត្វដាយណូស័រជាង ៣០០ប្រភេទ តាមរយៈកម្មវិធីបង្ហាញសមត្ថភាពកុមារ របស់ទូរទស្សន៍ក្នុងស្រុកមួយកាលពីឆ្នាំ២០១៩ នោះ គឺកុមារា សាន់វ៉េ។
កុមារា សាន់វ៉េ មានឈ្មោះពិត វិចិត្រ គន្ធបញ្ញសិទ្ធិ ឆ្នាំនេះមានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះ និងកំពុងសិក្សាថ្នាក់ទី៣ នៅសាលាឯកជនមួយ។ បច្ចុប្បន្ន កុមារា សាន់វ៉េ កំពុងរស់នៅស្ថិតក្រោមការមើលថែបណ្តុះបណ្តាល ពីឪពុកឈ្មោះ អ៊ុក វិចិត្រ ដែលជាគ្រូបង្រៀនម្នាក់។ តាមរយៈទេព្យកោសល្យពីកំណើត រួមផ្សំនឹងការបណ្តុះបណ្តាលបន្ថែមពីឪពុកដោយផ្ទាល់ បានធ្វើឲ្យកុមារា សាន់វ៉េ ទទួលបានភាពឆ្លាតវៀងវៃ និងចំណេះដឹងខ្ពស់លើសពីកុមារដទៃ ឬក៏អាចលើសពីមនុស្សពេញវ័យផងដែរ ទាក់ទងនឹងការស្រាវជ្រាវ ស្វែងយ ល់ ជាពិសេស ការចងចាំចំពោះអ្វីដែលកុមារាម្នាក់នេះធ្លាប់បានអាន បានស្តាប់ និងបានសិក្សា។
នៅក្នុងឆ្នាំ២០២០នេះ ជាពិសេសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ កុមារា សាន់វ៉េ បានឡើងបង្ហាញ សមត្ថភាពពិសេសរបស់ខ្លួនលើកញ្ចក់ទូរទស្សន៍ជាថ្មីម្តងទៀត ដោយបានបង្ហាញទេព្យកោសល្យ នៃការចងចាំអំពីប្រវត្តិសាស្រ្តកម្ពុជា ពាក់ព័ន្ធនឹ ងសម័យកាលគ្រប់គ្រងប្រទេសកម្ពុជា គិតចាប់ពីការកកើតដំបូងរបស់ប្រទេសរហូតដល់បច្ចុ ប្បន្ន ដែលសរុបទាំងអស់ចំនួន ១៥ សម័យកាល។ បន្ថែមពីលើការចងចាំនូវប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា កុមារា សាន់វ៉េ ក៏បានឆ្លើយនឹងសំណួររបស់គណៈកម្មការ បានយ៉ាងល្អឥតខ្ចោះពាក់ព័ន្ធនឹងព្រះនាមរ បស់ អតីតព្រះមហាវីរៈក្សត្រខ្មែរ ដូចជា ព្រះបាទ ហ៊ុន ទាន ជាក្សត្រគ្រងរាជដំបូងគេរបស់ប្រទេសកម្ពុជាក្នុងសម័យ ហ្វូណន ព្រះនាមអតីតព្រះមហាវីរៈក្សត្រ ដែលមានព្រះនាមល្បីល្បាញជាងគេក្នុងសម័យអង្គរ គឺព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងព្រះនាមអតីតព្រះមហាវីរៈក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងព្រះករុណាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។
ពិសេសជាងនេះទៅទៀត គណៈកម្មការទាំង ៣រូប នៃកម្មវិធីបង្ហាញសមត្ថភាពរបស់កុមារខាងលើ ក៏បានសួរសំណួរដល់កុមារា សាន់វ៉េ ពាក់ព័ន្ធនឹងឈ្មោះ និងគោរមងារពេញរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជីវប្រវត្តិរបស់សម្តេច ដែលរួមមាន ថ្ងៃខែឆ្នាំកំណើត ចំនួនបងប្អូនបង្កើត និងចំនួនបុត្រាបុត្រីរបស់សម្តេច ប្រវត្តិនៃការសិក្សារបស់សម្តេច ថ្ងៃខែឆ្នាំដែលសម្តេចរៀបអាពាហ៍ពិពាហ៍ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្ងៃខែឆ្នាំ ដែលសម្តេចទទួលរងរបួសពិការភ្នែកឆ្វេងផងដែរ។
អ្វីដែលរឹតតែអស្ចារ្យវិសេសវិសាលទៀតនោះ កុមារា សាន់វ៉េ បានបង្ហាញទេព្យកោសល្យ នៃការចងចាំដ៏ពិសេសមួយទៀត គឺ ការចងចាំនូវធាតុគីមីទាំង១១៨ ក្នុងតារាងខួបគីមី ដែលតារាងខួបគីមីនេះ ត្រូវបានដាក់ឲ្យសិក្សាជាទូទៅនៅថ្នាក់ទី៩។ តាមរយៈការល្បងសមត្ថភាពពីគណៈកម្មការទាំងបីរូប កុមារា សាន់វ៉េ ត្រូវបានតម្រូវឲ្យរៀបសមាសធាតុគីមីមួយចំនួន ដែលគណៈកម្មការបានដកចេញពីតារាង ហើយកុមារា សាន់វ៉េ អាចរៀបចំបានឡើងវិញតាមលំដាប់ ដោយមិនមានខុសសូម្បីតែមួយ។ បន្ថែមពីនេះ គណៈកម្មការមួយរូប គឺលោក ហុង ភារិន ដែលប្រជាជនខ្មែរជាទូទៅបានស្គាល់ និងឲ្យរហ្សស នាមថា «អច្ឆរិយកម្ពុជា» តាមរយៈទេព្យកោសល្យនៃការចងចាំរបស់លោក បានសួរសំណួរមួយចំនួនដល់កុមារា សាន់វ៉េ ពាក់ព័ន្ធនឹងសមាសធាតុ និងធាតុផ្សំគីមី ដែលមានក្នុងតារាងខួបគីមី ហើយកុមារា សាន់វ៉េ បានឆ្លើយត្រូវគ្រប់សំណួរទាំងអស់។
លោក ហុង ភារិន ក្នុងនាមគណៈកម្មការមួយរូប និងក្នុងនាមលោកផ្ទាល់ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ប្រសិទ្ធនាមថា «អច្ឆរិយកម្ពុជា» បង្ហាញនូវការកោតសរសើរមិនមានអ្វីប្រៀបផ្ទឹម អំពីទេព្យកោសល្យរបស់កុមារា សាន់វ៉េ ដែលអាចចងចាំបាននូវរឿងជាច្រើនដូចជា ប្រវត្តិ និងសម័យកាលគ្រប់គ្រងកម្ពុជា ព្រះនាមរបស់អតីតព្រះមហាក្សត្យខ្មែរ ដែលមានស្នាដៃដឹកនាំប្រទេស ជីវប្រវត្តិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាសធាតុទាំងអស់ដែលមានក្នុងតារាខួបគីមី ដែលជាមេរៀនសម្រាប់ថ្នាក់ទី៩ តែកុមារា សាន់វ៉េ ដែលមានអាយុទើប ៧ឆ្នាំ និងរៀនថ្នាក់ទី៣ អាចធ្វើបានយ៉ាងល្អឥតខ្ចោះ។
សម្រាប់ទេព្យកោសល្យដ៏អច្ឆរិយខាងលើរបស់កុមារា សាន់វ៉េ នេះ គឺបានបង្ហាញនូវមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលមានកុមារាអាយុត្រឹម ៧ឆ្នាំ មានលទ្ធភាពចងចាំ និងយល់ដឹងនូវរឿងរ៉ាវជាច្រើន ដែលសូម្បីតែប្រទេសអភិវឌ្ឍន៍មួយចំនួន សឹងមិនអាចរកបានធនធានដូចកុមារ សាន់វ៉េនេះណាស់។ កុមារា សាន់វ៉េ គួរត្រូវបានលើកទឹកចិត្ត និងយកចិត្តទុកដាក់ពីបណ្តាស្ថាប័នអប់រំជាតិ និងស្ថាប័នពាក់ព័ន្ធដ៏ទៀត ដើម្បីធ្វើឲ្យប្រាកដថា កុមារា សាន់វ៉េ អាចទទួលបាននូវឱកាសបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ដែលជាធនធានមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោក អ៊ុក វិចិត្រ ជាឪពុករបស់កុមារា សាន់វ៉េ បានសម្តែងនូវការដឹងគុណ និងអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានស្រលាញ់ និងពេញចិត្តចំពោះទេព្យកោសល្យ របស់កូនប្រុសរបស់លោក ហើយលោកសូមសន្យាថា នឹងខិតខំបន្ថែមទៀតក្នុងការអប់រំ បណ្តុះបណ្តាលដល់កុមារា សាន់វ៉េ ក៏ដូចជាកុមារា កុមារី ដ៏ទៀត ដើម្បីឲ្យពួកគេក្លាយទៅជាធនធានមនុស្ស ដ៏មានសក្តានុពលយ៉ាងពិតប្រាកដ ក្នុងការរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍នាវាកម្ពុជា ក្រោមម្លប់សន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕