(ត្បូងឃ្មុំ)៖ ជាមួយការវិវត្តឥតឈប់ឈរ ធនាគារកាណាឌីយ៉ា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្ពោធបើកដំណើរការ ទីតាំងថ្មីសន្លាង និងកាន់តែទំនើបជាងមុនទៀត សម្រាប់សាខាមេមត់ ខេត្តត្បូងឃ្មុំ។
ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមានផ្តល់ជូនអតិថិជន នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន៖
* ប្រាក់បញ្ញើ (ជាប្រាក់ដុល្លាអាមេរិក ប្រាក់រៀល និង ប្រាក់យ័នចិន)
* ឥណទាន (ឥណទានផ្ទះ ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន)
* ឥណទានពាណិជ្ជកម្មខ្នាតតូចធំ ឥណទានសម្រាប់សហគ្រាសតូច និងមធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/លិខិតធានា
* សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ បណ្ណ័ឥណទាន
* សេវកម្មធនាគារចរន្តតាមទូរស័ព្ទដៃ
* ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ ដំណើរការ២៤ម៉ោង/សប្តាហ៍ និង សេវាកម្មផ្សេងៗជាច្រើនទៀត។
ថ្លែងក្នុងឱកាសបើកប្រតិបត្តិការសាខាមេមត់ ទីតាំងថ្មីនេះ អ្នកស្រី សុង ខេងឡាយ ជាអគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានថ្លែងថា «ថ្ងៃនេះយើងសម្រេចបាន នូវសម្ធិផលថ្មីមួយទៀត គឺការបើកជាផ្លូវការនូវសាខាមេមត់ថ្មី។ ទីតាំងថ្មីនេះ ត្រូវបានវិនិយោគអស់ប្រមាណជាង ៥សែនដុល្លារ ដែលជាការវិនិយោគ ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ទៅលើសេវាកម្មល្អជូនអតិថិជន និងការិយាល័យធ្វើការធំទូលាយជូនបុគ្គលិក»។
អ្នកស្រីបានឲ្យដឹងទៀតថា នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ បានផ្តល់ពានរង្វាន់ដល់ធនាគារជា «ធនាគារឆ្នើមជួយគាំទ្រ ដល់អាជីវកម្មខ្នាតតូច និង មធ្យមប្រចាំឆ្នាំ២០២០ (Best SME Bank in Cambodia) និង បានទទួលពានរង្វាន់ជា «Best Retail Bank» ប្រចាំកម្ពុជាឆ្នាំ២០២០ ដោយស្ថាប័ន The Asian Banker ទៀតផង»។
ក្នុងនោះដែរ អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយគាំទ្រ ពីសំណាក់អតិថិជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ការខិតខំរបស់បុគ្គលិកគ្រប់រូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យធនាគារ កាណាឌីយ៉ា ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាមេមត់ថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុគ្រប់ប្រភេទ។ ដើម្បីសួរនាំព៌តមានបន្ថែម ផ្សេងៗសូមទំនាក់ទំនង មកកាន់លេខ៖ ០៤២ ៦៨០ ២២២២/ ០៩៧ ៧៣២ ១៨១៨/ ០៧១ ៣៣៣៣ ៤១០។
សូមរំឭកថា ធនាគារកាណាឌីយ៉ា ក.អ បានបើកបម្រើសេវាកម្មជាធនាគារពាណិជ្ជមុនគេបង្អស់មួយ និងផ្ដល់សេវាកម្មហិរញ្ញាវត្ថុយ៉ាងសម្បូរបែប នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្មាំ១៩៩១ ហើយបច្ចុប្បន្ននេះ មានបណ្តាញសាខាក្នុងប្រទេសកម្ពុជា សរុបចំនួន៦៣ មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់សរុបច្រើនជាង ២០០ កន្លែង មានសេវាអ៊ីនធឺណិត និងកម្មវិធីធនាគារតាមទូរស័ព្ទដៃ។
គិតត្រឹមបំណាច់ឆ្នាំ២០១៩ ធនាគារកាណាឌីយ៉ា ក.អ ដែលមានទ្រព្យសកម្មសរុបស្មើនឹង៦៥៤៨ លានដុល្លាអាមេរិក (ប្រាំមួយពាន់ប្រាំរយសែសិបប្រាំបីលាន ដុល្លាអាមេរិក) និងបានទទួលចំណាត់ថ្នាក់ ជាធនាគារដ៏ធំជាងគេនៅប្រទេសកម្ពុជា គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ)៕