(ភ្នំពេញ)៖ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzarma Bata បានបង្ហើបនូវបំណងចង់រួមរស់ជាមួយក្លិបបឹងកេតបន្ដទៀត បន្ទាប់ពីរូបគេស៊ុតគ្រាប់បាល់ ១គ្រាប់ចុងក្រោយ ក្នុងរដូវកាលឆ្នាំ២០២០ ជួយឲ្យក្រុមនាគខៀវនេះ គ្រងតំណែងជើងឯកលីគកំពូលកម្ពុជាកាលពីពេលថ្មីៗ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធអនាគតជាមួយក្លិបបឹងកេត ក្រោយរួមចំណែកជួយក្រុមមានមូលដ្ឋាននៅបឹងស្នោរ ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីពាក់កណ្ដាលរដូវកាល ឆ្នាំ២០២០ ថា «ពាក់ព័ន្ធរឿងនេះ ប្រសិនបើប្រធានក្លិប (បឹងកេត) ចង់ឲ្យខ្ញុំនៅបន្ដ ខ្ញុំរីករាយនឹងបន្ដលេងនៅទីនេះ»។
Bata ត្រូវបានបឹងកេត ខ្ចីជើងពីក្លិបអង្គរថាយហ្គឺរមកពង្រឹងតំបន់ប្រយុទ្ធ ក្នុងជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះប៉ុណ្ណោះ។ ដូច្នេះពាក់ព័ន្ធនឹងកុងត្រាថ្មីរវាងភាគីទាំងពីរ នៅមិនទាន់ដឹងច្បាស់នោះទេ តែ Bata បានបើកភ្លើងខៀវ ក៏ដូចជាត្រៀមខ្លួនរួចរាល់ ដើម្បីបន្ដរួមរស់ជាមួយក្លិបជើងឯក ៤សម័យនេះ។
បន្ថែមលើនេះ រយៈពេល ៥ប្រកួតក្នុងជើងទី២ ដែលខ្លួនបានរួមចំណែកជួយក្រុម ពិសេសការប្រកួតបញ្ចប់រដូវកាលទល់នឹងក្លិបភ្នំពេញក្រោន Bata បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្នុងការរួមចំណែកជួយក្រុមលើកពានជាលើកទី២ បន្ទាប់ពីឆ្នាំ២០១៦ ហើយធ្វើឲ្យរូបគេមានឱកាសអភិវឌ្ឍន៍ខ្លួនកាន់តែប្រសើរថែមទៀត។
គួរបញ្ជាក់ថា Bata គឺជាកីឡាករមានបទពិសោធជោគជាំក្នុងលីគកំពូលកម្ពុជា ដោយធ្លាប់លេងឲ្យក្លិបជាច្រើន រួមមានព្រះខ័នរាជស្វាយរៀង អាស៊ីអឺរ៉ុប កងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ។ ពិសេសគឺក្រុមបឹងកេត ដោយក្នុងចំណោមប្រវត្តិលើកពាន ៤ដង ក៏មានវត្តមានកីឡាករ Bata ជួយក្រុមចំនួន ២ដងដែរកាលពីឆ្នាំ២០១៦ និងឆ្នាំ២០២០៕