(សិង្ហបុរី)៖ អាជ្ញាធររូបិយបណ្ណនៃប្រទេសសិង្ហបុរី (MAS) នាថ្ងៃអង្គារនេះ បានឲ្យដឹងថា សិង្ហបុរីនឹងឈប់ចេញក្រដាសប្រាក់ ១,០០០ដុល្លារសិង្ហបុរីទៀតហើយ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ដើម្បីបន្ថយហានិភ័យនៃសកម្មភាពលាងលុយកខ្វក់ និងសកម្មភាពគាំទ្រភេរវកម្មតាមផ្នែកហិរញ្ញវត្ថុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
អាជ្ញាធរ MAS បានលើកឡើងដូច្នេះថា «នេះជាវិធានការទប់ស្កាត់ជាមុន ដើម្បីកាត់បន្ថយហានិភ័យកម្រិតខ្ពស់នៃសកម្មភាពលាងលុយកខ្វក់ និងសកម្មភាពគាំទ្រភេរវកម្មតាមផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធជាមួយក្រដាសប្រាក់មានតម្លៃធំៗ ខណៈការសម្រេចក៏ស្របទៅតាមបទដ្ឋានអន្តរជាតិ ហើយប្រទេសធំៗជាច្រើនក៏បានឈប់ចេញក្រដាសប្រាក់តម្លៃធំៗបែបនេះផងដែរ»។
អាជ្ញាធរ MAS បានបញ្ជាក់ថា សម្រាប់ក្រដាសប្រាក់ ១,០០០ដុល្លារសិង្ហបុរី ដែលកំពុងធ្វើចរាចរណ៍នឹងនៅអាចប្រើប្រាស់បានដោយស្របច្បាប់ដដែលដើម្បីទូទាត់ប្រាក់ ហើយធនាគារក៏អាចធ្វើចរាចរណ៍ក្រដាសប្រាក់ ១,០០០ដុល្លារសិង្ហបុរី ដែលមានស្រាប់ទាំងនេះដែរ។ ចាប់ពីពេលនេះ រហូតដល់ខែធ្នូ ក្រដាសប្រាក់១,០០០ដុល្លារសិង្ហបុរី នឹងត្រូវផលិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ មុនពេលបញ្ឈប់ទាំងស្រុងនៅដើមឆ្នាំថ្មី។
គួរជម្រាបថា កាលពីឆ្នាំ២០១៤ សិង្ហបុរីបានបញ្ឈប់ការចេញក្រដាសប្រាក់តម្លៃ១០,០០០ដុល្លារសិង្ហបុរី ដែលពេលនោះជាក្រដាសប្រាក់មានតម្លៃដ៏ខ្ពស់បំផុតមួយនៅលើពិភពលោក។ ដោយឡែកបន្ទាប់ពីក្រដាសប្រាក់ ១,០០០ដុល្លារសិង្ហបុរី ក្រដាសប្រាក់ ១០០ដុល្លារសិង្ហបុរី នឹងក្លាយជាក្រដាសប្រាក់ដែលមានតម្លៃខ្ពស់ជាងគេរបស់ប្រទេសនេះ៕