(អាហ្សង់ទីន)៖ អតីតវីរៈបុរសបាល់ទាត់ឆ្នើមរបស់អាហ្សន់ទីន លោក Diego Maradona មានជំងឺកង្វះឈាម និងខ្សោះជាតិទឹក ប៉ុន្តែបានជាសះស្បើយវិញហើយ បន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យ, នេះបើតាមការបញ្ជាក់ ពីវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

Maradona វ័យ៦០ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការធ្វើតេស្ត បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ipensa clinic ស្ថិតក្នុងទីក្រុង La Plata ប្រទេសអាហ្សង់ទីន កាលពីថ្ងៃចន្ទ។

យោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Leopoldo Luque បានឲ្យដឹងថា ស្ថានភាពរបស់ Maradona មិនជាប់ពាក់ព័ន្ធនឹងជំងឺ COVID-19 នោះទេ។ វេជ្ជបណ្ឌិត Luque បានបន្ថែមថា «Maradona មិនមានលក្ខណៈផ្លូវចិត្តល្អនោះទេ ហើយវាបានជះឥទ្ធិពល ដល់សុខភាពរាងកាយរបស់គាត់។ គាត់ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្រោមការសង្កេត យ៉ាងហោចណាស់បីថ្ងៃទៀត»។

Maradona ជាកីឡាករម្នាក់ ដែលបានឈ្នះពាន់រង្វាន់ World Cup ជាមួយនឹងប្រទេសអាហ្សង់ទីន នៅក្នុងឆ្នាំ១៩៨៦នោះ ហើយត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលលេងបានល្អបំផុតនោះ បច្ចុប្បន្ន ជាគ្រូបង្វឹកក្លិបនៅក្នុងប្រទេសអាហ្សង់ទីន Gimnasia y Esgrima៕