(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករប្រេស៊ីល ២រូបគឺខ្សែបម្រើ Thiago និងខ្សែប្រយុទ្ធ Pedro Agusto បន្ទាប់ពីក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានបន្ដកុងត្រាកីឡាករជប៉ុនម្នាក់ Daisuke។

ការប្រកាសចែកផ្លូវជាមួយកីឡាករប្រេស៊ីល ២រូបក្នុងថ្ងៃតែមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង ដ្បិតពួកគេបានរួមចំណែកយ៉ាងច្រើនលើទីលាន កាលពីរដូវកាលកន្លងទៅ ដោយជួយក្រុមព្រះខ័នរាជស្វាងរៀង ទទួលបានជើងឯករងលីគកំពូលកម្ពុជា និងរកបាន ៤១ពិន្ទុស្មើគ្នាជាមួយក្រុមជើងឯកបឹងកេត។

ក្នុងរដូវកាលឆ្នាំ២០២០ សម្រាប់ខ្សែបម្រើ Thiago គឺបានបង្ហាញខ្លួនលើទីលានចំនួន ១៤ប្រកួត និងរកបាន ៣គ្រាប់។ រីឯខ្សែប្រយុទ្ធ Pedro Agusto រកបានគ្រាប់បាល់ចំនួន ១៤គ្រាប់ឯណោះ ពោលគឺឈរលេខរៀងទី៣ តាមពីក្រោយមិត្តរួមក្រុម និងជាម្ចាស់ស្បែកជើងមាស Privat ត្រឹមតែ ២គ្រាប់ប៉ុណ្ណោះ។

ដោយឡែកខ្សែបម្រើ Daisuke វិញ ក្រោយបង្ហាញសមត្ថភាព និងរួមចំណែកជួយក្រុមបានច្រើន កាលពីរដូវកាលកន្លងទៅ លោក Conor Nestor ក៏សម្រេចបន្ដកុងត្រារូបគេ ១រដូវកាលទៀត នាឆ្នាំ២០២១ ខាងមុខ។ Daisuke គឺជាអាវុធដ៏មុតស្រួច ក្នុងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទី ពិសេស Privat និង Pedro តែម្ដង៕