(ម៉ាឌ្រីដ)៖ ១គ្រាប់ជ័យជម្នះចុងម៉ោងរបស់កីឡាករ Rodrygo បានជួយឲ្យ Real Madrid ហក់ចេញពីបាតតារាងឡើងទៅឈរនៅលេខ៣ ប្រចាំពូល B ជាបណ្តោះអាសន្នវិញ ក្រោយរកបាន ៣ពិន្ទុក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League ពេលយកឈ្នះ Inter Milan នៅរាត្រីថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធបារាំង Karim Benzema ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី២៥ មុនពេលប្រធានក្រុម Sergio Ramos តែតគ្រាប់ទី២ នៅនាទី៣៣ ក្រោយទទួលបានលើកចេញពីជ្រុងរបស់ Toni Kroos តែត្រូវបាន Martinez និង Ivan Perisic រកគ្រាប់តាមស្មើឲ្យក្រុមភ្ញៀវមកពីអ៉ីតាលី Inter Milan វិញនៅនាទី៣៥ និងនាទី៦៨ មុនពេលត្រូវបាន Rodrygo ដែលត្រូវបានប្តូរចូលនៅនាទី៦៤ ជំនួស Marco Asensio ស៊ុតគ្រាប់ជ័យជម្នះនៅនាទី៨០។

៣ពិន្ទុជាលើកទី១ នៅកីឡដ្ឋាន Alfredo Stefano នេះដែរ បានធ្វើឲ្យក្រុមរបស់លោក Zinedine Zidane មាន ៤ពិន្ទុស្មើក្រុមលេខ២ Shaktar Donetsk ដោយសារ head to head ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃបើកឆាកនៅកីឡដ្ឋានខាងលើដូចគ្នា។

Shaktar Donetsk របស់អ៊ុយក្រែន ទើបតែចាញ់លើកដំបូង ក្នុងចំណោម ៣ប្រកួតនៅជើងទី១ ក្នុងវគ្គសន្សំពិន្ទុប្រចាំ ពូល B ក្រោមថ្វីរបស់ Borussia Monchengladbach ក្នុងលទ្ធផល ៦-០ នៅយប់មិញនេះដូចគ្នា៕