(អាមេរិក)៖ តារាចម្រៀងប៉បល្បីឈ្មោះរបស់អាមេរិក នៅកំឡុងចុងទសវត្សឆ្នាំ១៩៩០ និងដើមទសវត្សឆ្នាំ២០០០ គឺ Britney Spears ថ្មីៗនេះបានផ្ញើសារតាមរយៈបណ្តាញសង្គម ទៅកាន់អ្នកគាំទ្រ ពីស្ថានភាពបច្ចុប្បន្នរបស់នាង បន្ទាប់ពីមានការព្រួយបារម្ភជាច្រើន ពីបញ្ហាជំងឺផ្លូវចិត្តដែលនាងកំពុងមាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

តារាចម្រៀងវ័យ ៣៨ឆ្នាំ Spears ត្រូវបានគេដឹងថា ទាំងមុខជំនួញ និងការងារផ្ទាល់ខ្លួនរបស់នាង គឺត្រូវបានគ្រប់គ្រងដោយឪពុករបស់នាងផ្ទាល់ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដោយសារតែនាងមានជំងឺផ្លូវចិត្ត។ យ៉ាងណាមិញ នៅថ្ងៃច័ន្ទសប្តាហ៍នេះ នាងបានផ្ញើសារទៅកាន់អ្នកគាំទ្រថា បច្ចុប្បន្ននាងកំពុងមានសេចក្តីសុខ ពោលគឺមិនមានបញ្ហាអ្វីនោះទេ។

នាងនិយាយក្នុងវីដេអូមួយ ដែលបង្ហោះក្នុងបណ្តាញសង្គម ដោយលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំដឹងថា មានសារពីមនុស្សជាច្រើន បាននិយាយខុសៗគ្នាពីស្ថានភាពរបស់ខ្ញុំ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំមិនមានបញ្ហាអ្វីនោះទេ និយាយរួមខ្ញុំសុខទុក្ខជាធម្មតាទេ, ខ្ញុំមានសុភមង្គល»

គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Britney Spears បានទទួលរងជំងឺផ្លូវចិត្តអស់រយៈពេល១២ឆ្នាំមកហើយ ខណៈជានិច្ចកាលអ្នកគាំទ្រ តែងតែបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ ទៅលើតារាស្រីដួងនេះ តាមរយៈបណ្តាញសង្គមជារឿយៗ។

ជាពិសេស តាំងពីឆ្នាំ២០១៨មក គេសង្កេតឃើញថា នាងមិនបានបង្ហាញការសម្តែងជាសាធារណៈដូចសព្វមួយដងឡើយ ដែលកត្តានេះកាន់តែធ្វើឲ្យអ្នកគាំទ្រមានក្តីបារម្ភកាន់តែខ្លាំង ខណៈការផ្ញើសារនាពេលថ្មីៗនេះ ពីបច្ចុប្បន្នភាពរបស់នាង ហាក់ធ្វើឲ្យអ្នកគាំទ្រធូរស្បើយ ក្នុងចិត្តមួយកម្រិត៕