(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft Corp បានប្រកាសឱ្យដឹងថា ខ្លួនបានបោះទុនវិនិយោគ ទៅលើ ក្រុមហ៊ុន ឥណ្ឌូនេស៊ី Bukalapak ដែលជា ក្រុមហ៊ុនផ្ដល់សេវាកម្ម e-commerce ដ៏ធំមួយ ដោយក្នុងនោះ Microsoft ជាអ្នកផ្គត់ផ្គង់សេវាកម្ម Cloud ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft ជាអ្នកទទួល ខុសត្រូវទៅលើការប្រើប្រាស់ Storage របស់ក្រុមហ៊ុន Bukalapak និងបានបង្រៀនបុគ្គលិករបស់ក្រុមហ៊ុនឥណ្ឌូនេស៊ីមួយនេះ ពាក់ព័ន្ធ នឹង ការប្រើប្រាស់ Cloud ប៉ុន្តែសម្រាប់ទុនវិនិយោគនោះ ក្រុមហ៊ុនទាំងពីរមិនបានប្រកាសឱ្យដឹងនោះទេ។

តាមការវាយតម្លៃ បច្ចុប្បន្នក្រុមហ៊ុន Bukalapak មានតម្លៃប្រមាណជា ២.៥ពាន់លានដុល្លារអាមេរិក ដែលមានក្រុមហ៊ុន GIC Pte Ltd របស់សិង្ហបុរី និង Emtek របស់ឥណ្ឌូនេស៊ី ជាអ្នកនៅពីក្រោយក្នុងការផ្ដល់ទុនវិនិយោគ។

ពាក់ព័ន្ធនឹងការវិនិយោគរបស់ Microsoft នៅពេលនេះ ត្រូវបានសារព័ត៌មាន Bloomberg ចុះផ្សាយថា ក្រុមហ៊ុន Microsoft យ៉ាងហោច ណាស់បានបោះទុន ១០០លានដុល្លារអាមេរិក មកលើក្រុមហ៊ុន Bukalapak ដើម្បីពង្រីកវិសាលភាព និងដើម្បីប្រជែងជាមួយ គូប្រគួត ដទៃទៀត ខណៈដែលបច្ចុប្បន្នមានក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនដូចជា Google និង Facebook កំពុងតែបោះទុនវិនិយោគ នៅលើ វិស័យដូចគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ៕