(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានក្រើនរំឮកកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិ ទាំងក្រុមធំ និងថ្នាលត្រូវមានការប្ដេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ក្នុងការហ្វឹកហាត់ ដើម្បីឆ្ពោះទៅសម្រេចគោលដៅដណ្ដើមមេដាយកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។

ការក្រើនរំឮកនេះ ស្របពេលប្រធានសហព័ន្ធខាងលើ ជួបសំណេះសំណាល និងសួរសុខទុកជាមួយក្រុមជម្រើសជាតិ (ក្រុមធំ) និងក្រុមជម្រើសជាតិថ្នាល នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោកឧត្តមសេនីយ៍ឯក លី កុសល បានបញ្ជាក់ថា SEA Games 2023 សល់ពេលតែជាង ២ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះកីឡាករ-កីឡាការិនីទាំងអស់ ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ និងកំណត់គោលដៅឲ្យបានច្បាស់លាស់ ក្នុងការស្វែងរកមេដាយជូនជាតិ ព្រោះក្នុងនាមម្ចាស់ផ្ទះ មិនអាចគ្មានមេដាយសោះនោះទេ។

ដោយហេតុនេះ លោកបានជំរុញកីឡាករ-កីឡាការិនីគ្រប់រូបត្រូវមានការប្ដេជ្ញាចិត្តខ្ពស់បំផុត ក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព ស្ដាប់គ្រូ និងគោរពវិន័យ ដើម្បីសម្រេចគោលដៅដណ្ដើមមេដាយស៊ីហ្គេម ពិសេសមេដាយមាស ស្របតាមផែនការមេរបស់ NOCC។ លោក លី កុសល បន្ថែម។

ទន្ទឹមជាមួយគ្នា លោកក៏បានរំឮកឲ្យកីឡាករ-កីឡាការិនីត្រៀមខ្លួន ក្នុងការជ្រើសរើសបញ្ជូនទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន នាដើមឆ្នាំ២០២១ ខាងមុខ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ក្រុមជម្រើសជាតិ ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់បច្ចុប្បន្ន សម្រាប់ក្រុមធំ គឺមានគ្រូបង្វឹកម្នាក់ គ្រូជំនួយម្នាក់ កីឡាករ ៧នាក់ និងកីឡាការិនីម្នាក់។ រីឯក្រុមជម្រើសជាតិថ្នាល មានគ្រូបង្វឹកម្នាក់ គ្រូជំនួយម្នាក់ កីឡាករ ៧នាក់ និងកីឡាការិនី ៣នាក់រួមទាំងកីឡាករ-កីឡាការិនីបម្រុង ៣នាក់ផងដែរ៕