(លីពហ្ស៊ីក)៖ ក្រុមជើងឯកបារាំង Paris Saint-Germain មានកីឡាករពិន័យកាតក្រហមបណ្តេញចេញពីទីលានដល់ទៅ ២នាក់ក្នុងជំនួបចាញ់ម្ចាស់ផ្ទះ RB Leipzig ២-១ ក្នុងប្រកួតទី៣ នៅពានអឺរ៉ុប UEFA Champions League នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កីឡាករ Gueye ត្រូវបានពិន័យកាតលឿងជាលើកទី២ (ស្មើកាតក្រហម) នៅនាទី៦៩ នៅមុនពេលមិត្តរួមក្រុម Kimpembe ត្រូវបានបណ្តេញពីទីលានប្រកួតនៅប្រទេសអាល្លឺម៉ង់ដូចគ្នាក្នុងនាទី៩០+៥ ពោលគឺនៅក្រោយពេល Leipzig បើកការវាយបកនាំមុខ ២-១ តាំងពីដើមវគ្គទី២ មកម្ល៉េះក្នុងប្រកួតទី៣ ជើងទី១ នៃវគ្គសន្សំពិន្ទុប្រចាំពូល H។

កីឡាករខ្សែបម្រើប្រយុទ្ធ Angel Di Maria ជាអ្នករកបានគ្រាប់នាំមុខត្រឹមចាប់ផ្តើមលេងបាន ៦នាទីប៉ុណ្ណោះ ក្រោយទទួលបានពី Moise Kean និងខកខានទាត់បាល់ប៉េណាល់ទីអត់ចូល ១គ្រាប់ផងដែរនៅនាទី១៦ នៅមុនពេល Nkunku ស៊ុតគ្រាប់តាមស្មើឲ្យ Leipzig វិញនៅនាទី៤១ និងគ្រាប់ជ័យជម្នះដោយបាល់ប៉េណាល់ទីស៊ុតដោយ Forsberg នៅនាទី៥៧។

នេះជាការបាត់បង់ ៣ពិន្ទុជាលើកទី២ សម្រាប់ក្រុមរងជើងឯក UEFA Champions League រដូវកាលមុន បន្ទាប់ពីពួកគេបានចាញ់ក្នុងលទ្ធផលនេះដូចគ្នាកាលពីថ្ងៃបើកឆាកពេលប៉ះ Manchester United និងយកបាន ៣ពិន្ទុដំបូងពេលយកឈ្នះ Istanbul ២-០ ក្នុងប្រកួតទី២ របស់ពួកគេ៕