(ភ្នំពេញ)៖ ទីបំផុតអ្នកចាំទីកូនកាត់ខ្មែរ-ថៃ និងមានសញ្ជាតិខ្មែរ-បារាំង អេឡិច យូ បានរកឃើញទ្រនំថ្មី ដើម្បីបន្ដអាជីពលើសមរភូមិវាលស្មៅនៅកម្ពុជាបានហើយ គឺក្លិបព្រះខ័នរាជស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់ក្រុមជើងឯករងលីគកំពូលកម្ពុជា ឆ្នាំ២០២០ មុននេះបន្ដិច លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន។

នេះគឺជាក្លិបទី៣ ហើយ ដែលអ្នកចាំទីវ័យ ២៦ឆ្នាំរូបនេះ សម្រេចចិត្តចូលរួមជាមួយ និងត្រៀមបង្ហាញខ្លួន នារដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីរូបគេបានសម្រាកពេញ ១រដូវកាល ដោយត្រឡប់ទៅជួយមើលខុសត្រូវមុខជំនួញគ្រួសាររបស់ខ្លួន នៅប្រទេសបារាំង ក្រោយចែកផ្លូវពីក្រុមនាគខៀវបឹងកេតនៅចុងឆ្នាំ២០១៩។

គួរដឹងថា កីឡាករមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ ហើយកើតនៅខេត្តកំពង់ចាមខាងលើ បានឈានជើងមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាដំបូង កាលពីឆ្នាំ២០១៨ ជាមួយក្លិបភ្នំពេញក្រោន មុនផ្ទេរមកក្លិបបឹងកេត នៅឆ្នាំ២០១៩ ហើយបានរួមចំណែកជួយក្រុមនាគខៀវនេះ គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំដដែល៕