(ប៉ារីស)៖ កីឡាករវាយកូនបាល់ទោល Rafael Nadal រកបានជ័យជម្នះក្នុងការប្រកួតលើកទី១,០០០ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីបានយកឈ្នះគូប្រជែង Lopez នៃវគ្គជម្រុះពានរង្វាន់ Rolex Paris Master 2020 នៅប្រទេសបារាំងដែលបានចាប់ផ្តើមពីថ្ងៃទី២-៨ ខែវិច្ឆិកា។ នេះតាមប្រភពពី BBC ចេញផ្សាយនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កីឡាករសញ្ជាតិអេស្ប៉ាញ Nadal រកបានជ័យជម្នះក្នុងប្រកួតលើកទី១,០០០ របស់ខ្លួនក្នុងកម្រិត ATP Tour ដោយពេលអស់ ១៨ឆ្នាំ តាមពីក្រោយអតីតជើងខ្លាំងសញ្ជាតិអាមេរិក Jimmy Connors ធ្វើបានដល់ទៅ ១,២៧៤លើក និងកីឡាករដែលជាគូប្រជែងបច្ចុប្បន្ន Roger Federer មានដល់ទៅ ១,២៤២ដង ជាមួយអតីតជើងខ្លាំងដ៏អស្ចារ្យរបស់សាធារណរដ្ឋឆេក Ivan Lendl ដែលមាន ១,០៦៨លើក។

គួររំលឹកផងថា តារាវាយកូនបាល់ឆ្នើមលំដាប់ពិពភលោក Nadal ដែលបច្ចុប្បន្នមានវ័យ ៣៤ឆ្នាំទៅហើយនោះ រកបានជ័យជម្នះក្នុងអាជីពលើកដំបូងនៅឆ្នាំ២០០២ ក្នុងវ័យ ១៥ឆ្នាំក្នុងព្រឹត្តិការណ៍ Mallorca Open ខណៈការឈ្នះលើកទី១,០០០ នេះដែរធ្វើឡើងក្នុងការប្រកួតជម្រុះជុំទី២ ដើម្បីឡើងទៅប៉ះកីឡាករ Jordan Thomson ជាបន្តទៀតក្នុងជុំទី៣៕