(ភ្នំពេញ)៖ ខណៈដែលភាពយន្តល្បីឈ្មោះកាលពី១៧ឆ្នាំមុន រឿង «ស្នាមស្នេហ៍សមុទ្ររាម» ដោយតំណែងតួឯកក្នុងវគ្គទី១ គឺតារាសម្ដែងល្បីឈ្មោះ សឿ សុធារ៉ា និងលោក ញ៉ែម សុគន្ធ ហើយត្រូវបានអ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធ និងដឹកនាំសម្ដែង កំពុងថតឡើងវិញនៅពេលនេះ គឺតំណែងតួឯកស្រី មិនត្រូវបានទៅលើតារាសម្ដែង សឿ សុធារ៉ា ដដែលនោះឡើយ ពោលគឺត្រូវបានផលិតករ និងអ្នកផលិតរឿងរូបនេះ អះអាងថា ដោយសារតែតួឯកចាស់អស់ភាពក្រមុំ មានកូន មានគ្រួសារ និងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ថត ទើបមិនអាចជ្រើសរើសឲ្យសម្ដែងជាតួឯកបន្តបាន។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះ អ្នកដឹកនាំសម្ដែងល្បីឈ្មោះក្នុងវិស័យសិល្បៈភាពយន្ត គឺអ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថា ការសម្រេចចិត្តផលិតភាពយន្តរឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គទី២នេះឡើង គឺដោយសារតែរឿងនេះមានភាពល្បីល្បាញ កាលពី១៧ឆ្នាំមុន និងចង់បន្សស់ទុកនូវស្នាដៃសិល្បៈភាពយន្តរឿងភាគជាលើកចុងក្រោយ របស់អ្នកស្រី ដល់កូនខ្មែរជំនាន់ក្រោយបានដឹង។ ជាមួយគ្នានេះ ដោយមានការសំណូមពរពីមហាជន ក៏ដូចជាអ្នកគាំទ្រ ទើបអ្នកស្រីពិចារណាផលិតរឿងនេះឡើងវិញ ដោយជ្រើសរើសយកតួសម្ដែងថ្មីទាំងអស់ និងមានការសរសេរសាច់រឿងបន្ថែមថ្មី បច្ចេកទេសថ្មី និងជារឿងភាគចុងក្រោយរបស់អ្នកស្រីផងដែរ។

ពេលរំឭកដល់តួឯកចាស់ គឺតារាសម្ដែងល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា ដែលបានធ្វើឲ្យរឿងនេះ ទទួលបានការគាំទ្រច្រើន កាលពី១៧ឆ្នាំមុន ហើយបែរជាត្រូវរបូតតំណែងនៅពេលផលិតឡើងវិញជាថ្មី ក្នុងវគ្គទី២នេះ ត្រូវបានអ្នកស្រី ពាន់ ភួងបុប្ផា ជាផលិតករ និងជាអ្នកដឹកនាំសម្ដែងផ្ទាល់ បញ្ជាក់ថា ដោយសារតែតួអង្គកាលពីមុន មានគ្រួសារ មានប្ដីប្រពន្ធ មានកូន សម្រស់មិនដូចមុន និងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ថត ទើបគ្មានជម្រើសសម្រាប់រឿងថ្មីវគ្គទី២នេះឡើយ។

អ្នកស្រី ពាន់ ភួងបុប្ផា បាននិយាយថា «១៧ឆ្នាំមុន និង១៧ឆ្នាំនេះ គាត់ (សឿ សុធារ៉ា) មិនអាចដើរតួបានទៀតទេ គាត់អស់ភាពក្រមុំហើយ រឿងហ្នឹងងាយយល់ទេ..! ព្រោះមិនអាចយកតួដដែលៗមកសម្ដែងបានទេ។ ពី១៧ឆ្នាំមុនគាត់អាចកែសម្ផស្ស គាត់កែកុនច្រើនហើយ មិនអាចដូចមុនទេ ហើយក៏មិនមែនរំលង៣ទៅ៤ឆ្នាំនោះដែរ...។ ទោះជាកុនគេនៅប្រទេសចិន ក៏គេដូរតួដែរ... រឿងអ៊ូខុង ក៏គេដូរតួថ្មីអស់ដែរ..!។ យើងអត់ចង់យកតួពីមុនមកសម្ដែងក្នុងវគ្គថ្មី ទៀតទេ ព្រោះអារម្មណ៍ និងមនោសញ្ចេតនា គឺថ្មី ហើយម្នាក់ៗ (តួអង្គចាស់) មានប្ដី មានប្រពន្ធ មានកូន គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់យើងទេ ហើយយើងក៏មិនអាចនៅងាប់ក្រឡា ជាមួយនឹងរបស់ចាស់ហ្នឹងបានដែរ..! គេគិតអ្នកថ្មីល្អជាង ដោយសារពួកគេ នៅខ្លួនមួយ គេមានពេលគ្រប់គ្រាន់សម្រាប់ថតឲ្យយើង..!»

ផលិតករភាពយន្តល្បីឈ្មោះរូបនេះបន្តទៀតថា រឿង «ស្នាមស្នេហ៍សមុទ្ររាម» ដែលអ្នកស្រី និងស្ថានីយទូរទស្សន៍ភីអិនអិន លើកយកមកផលិតជាថ្មីម្តងទៀតនេះ គឺមានសាច់រឿងរហូតដល់ទៅ២វគ្គ ដែលវគ្គទី១ និងវគ្គទីពីរ មានចំណងបញ្ហាប្រទាក់ក្រឡាគ្នា ពីជំនាន់ឪពុកម្តាយ រហូតដល់ជំនាន់កូនៗ។ បច្ចុប្បន្ននេះ ទស្សនិកជនភាគច្រើន គឺដក់អារម្មណ៍ ជាមួយរឿងភាគខ្មែរបែបស្នេហាផិតក្បត់ ដែលហាក់មិនបានបង្ហាញ ពីតុល្យភាពសង្គមរស់នៅ។ ដូច្នេះហើយទើបរឿង ស្នាមស្នេហ៍សមុទ្ររាម នឹងសៀតបញ្ចូលនូវសាច់រឿងថ្មីបន្ថែមមួយផ្នែកទៀត ដែលបង្ហាញពីក្តីស្រឡាញ់ស្មោះស្ម័គ្រ ការតស៊ូ ដើម្បីបម្រើជូនទៅដល់ទស្សនិកជន និងផ្តល់នូវចំណីអារម្មណ៍កម្សាន្ត ពីអនុស្សាវរីយ៍នៃដំណើរសាច់រឿង រំឭកថយក្រោយ កាលពីជាង១៧ឆ្នាំមុន។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះ ក៏បានចែករំលែកនូវបទពិសោធន៍ជីវិត ស្នេហាតស៊ូរបស់គូស្នេហ៍មួយគូ ដែលបង្កើតបានជាសាច់រឿងមនោសញ្ចេតនា ដ៏ផ្អែមល្ហែមមួយនេះឡើង។

សូមបញ្ជាក់ថា រឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គទី២ មានការចូលរួមសម្ដែងដោយតារាល្បីៗ រួមមានកញ្ញា សំណាង អេលីណា (បវរកញ្ញាចក្រវាល ឆ្នាំ២០១៩ ) សម្តែងជាតួឯកស្រី, លោក ខាត់ វ៉ៃ ហាំង (តួឯកប្រុស ) , កញ្ញា អឿន រ៉ូហ្សា (តួឯកស្រី) , លោក ពៅ ពិសិដ្ឋ (តួឯកប្រុស), លោក រីមន្ត រិទ្ធ, អ្នកនាង សំ ម៉ាណា, កញ្ញា វី យ៉ាដា, ម៉ុង ប៊ុន ណូរ៉ា, លោក ខេម, កញ្ញា នីតា វរវង្ស និងតារាល្បីៗជាច្រើនដួងទៀត។ រឿងនេះ ត្រូវបានរៀបចំផលិតសារឡើងវិញ ដោយស្ថានីយទូរទស្សន៍ភីអិនអិន សម្រាប់ឆ្នាំ ២០២១ សហការជាមួយផលិតកម្ម អឹមស៊ីអិនវី ភីចឈ័រ និងបានរៀបចំកម្មវិធីក្រុងពាលីចេញថត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕