(ភ្នំពេញ)៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Paulo Victor បានប្រកាសចាកចេញពីក្លិបភ្នំពេញក្រោនហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ២រដូវកាល។ ស្របពេលជាមួយគ្នា ក៏មានលេចលឺព័ត៌មានចចាមអារ៉ាមថា កីឡាករវ័យ ២៦ឆ្នាំរូបនេះ អាចនឹងផ្ទេរទៅទ្រនំថ្មី ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាបន្ដទៀត គឺក្លិបវិសាខា។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ Paulo Victor Costa Soares ដែលស្គាល់ជាបណ្ដាញសង្គមផ្លូវការរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានសរសេររៀបរាប់ពីអនុស្សាវរីយ៍រយៈពេល ២ឆ្នាំកន្លងទៅ ដែលខ្លួនបានរួមរស់ជាមួយក្រុមសិង្ហក្រហមភ្នំពេញក្រោន។ លើសពីនេះ Paulo Victor ក៏បានអរគុណក្លិប និងអ្នកគាំទ្រ មុនចាកចេញពីទឹកដីកីឡដ្ឋាន RSN ផងដែរ។

Paulo Victor បានសរសេរថា «ថ្ងៃនេះ ខ្ញុំមកទីនេះ ដោយសេចក្តីស្រលាញ់ដ៏ច្រើន និងសូមថ្លែងអំណរគុណដល់ PPCFC ចំពោះអ្វីគ្រប់យ៉ាង ដែលបានធ្វើសម្រាប់ខ្ញុំចាប់តាំងពីខ្ញុំមកដល់ទីនេះ។ ខ្ញុំសូមអរគុណដល់ក្លិប កីឡាករ ក្រុមការងារ និងដៃគូសហការទាំងអស់។ ខ្ញុំសូមអរគុណអ្នកគាំទ្រ ដែលតែងតែមកពហុកីឡដ្ឋានគាំទ្រពួកយើង។ អរគុណច្រើន ចំពោះអ្វីគ្រប់យ៉ាង ដែលខ្ញុំបានរស់នៅរយៈពេល ២ឆ្នាំនៅទីនេះ ខ្ញុំបានបង្កើតមិត្តភក្តិជាច្រើន ហើយពួកគេនឹងនៅជាមួយខ្ញុំអស់មួយជីវិត។ ខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យ»

យ៉ាងណាមិញ មកទល់ពេលនេះ គេមិនទាន់ឃើញក្លិបភ្នំពេញក្រោន ប្រកាសអំពីការចែកផ្លូវជាមួយខ្សែប្រយុទ្ធស្នូលរូបនេះឡើយ។ តែកន្លងមកថ្មីៗ មានព័ត៌មានចចាមអារ៉ាម បានលេចលឺជាបន្ដបន្ទាប់ថា បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្រុមសិង្ហក្រហមនេះ Paulo Victor មិនបន្ដកិច្ចសន្យាថ្មីនោះទេ ដោយរូបគេនឹងចូលរួមជាមួយក្លិបថ្មី ហើយទ្រនំថ្មី ដែលស្ថិតក្នុងមន្ទិលរបស់អ្នកគាំទ្រនោះ គឺក្លិបវិសាខា។ ប៉ុន្ដែព័ត៌មានផ្លូវការយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួននៅឡើយទេ។

គួរបញ្ជាក់ថា Paulo Victor បានផ្ទេរមកចូលរួមជាមួយក្លិបភ្នំពេញក្រោន កាលពីដើមរដូវកាលឆ្នាំ២០១៩ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំ។ រយៈពេល ២រដូវកាលចុងក្រោយនេះ រូបគេបានរួមចំណែកយ៉ាងសំខាន់ ក្នុងការស្វែងរកគ្រាប់បាល់ជូនក្រុម ទោះបីឆ្នាំ២០២០ គេមិនសូវបានបង្ហាញវត្តមានលើទីលានញឹកញាប់ ដោយរបួសញាំញីក៏ដោយ។ ២រដូវកាលកន្លងមកនេះ Paulo Victor បង្ហាញខ្លួនលើទីលានបាន ៣១ប្រកួត និងរកបាន ២៥គ្រាប់ ហើយបានជួយភ្នំពេញក្រោន ទទួលបានលេខ៣ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០ ផងដែរ៕