(អាមេរិក)៖ លោក Jeff Bezos កំពូលមហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំ Amazon.com ត្រូវបានគេរាយការណ៍មកថា បានលក់ហ៊ុនមួយចំនួនរបស់ Amazon នៅក្នុងសប្ដាហ៍នេះ ដោយទទួលបាន ប្រាក់ជាង ៣ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការមូលបត្រសហរដ្ឋអាមេរិក បានបង្ហាញថា លោក Bezos បានលក់ហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន Amazon នៅក្នុងសប្ដាហ៍នេះ ដែលនេះជាការលក់លើកទី៣ហើយ នៅក្នុងឆ្នាំនេះ។

គណៈកម្មការមូលបត្រសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅក្នុងឆ្នាំនេះ លោក Bezos ទទួលបានប្រាក់ប្រមាណជា ១០.២ពាន់លានដុល្លារ ពីការលក់ហ៊ុនរបស់ Amazon ប៉ុន្តែលោកនៅតែជាម្ចាស់ភាគហ៊ុន ដែលមានហ៊ុនច្រើនជាងគេបំផុតដដែលនៅក្នុងក្រុមហ៊ុនលក់ទំនិញ អន ឡាញយក្សនេះ។

យោងតាមរបាយការណ៍បានបញ្ជាក់ថា លោក Bezos គឺកាន់កាប់ហ៊ុនប្រមាណជា ៥៣លានហ៊ុន នៅក្នុងក្រុមហ៊ុន Amazon ដែលសរុប ជាទឹកប្រាក់មានចំនួនប្រមាណជា ១៧០ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យលោកគឺជាកំពូលមហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោក៕