(ភ្នំពេញ)៖ ក្លិបបឹងកេត បានសម្រេចតែងតាំងលោក គឹម ភក្ដី ជាគ្រូបង្គោលរបស់ក្លិបជាផ្លូវការហើយ បន្ទាប់ពីលោកបានជួយក្រុមនាគខៀវនេះ លើកជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ អមជាមួយកំណត់ត្រាពិសេស ដោយមិនស្គាល់ពាក្យចាញ់សោះ ក្នុងរដូវកាលឆ្នាំ២០២០ កន្លងទៅ។ នេះបើតាមការប្រកាសលើគេហទំព័រផ្លូវការរបស់ក្លិប នារសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះ។

លោក បែ មករា អគ្គលេខាធិការក្លិបបានអះអាងថា ក្លិបមិនពិបាកក្នុងការតែងតាំងលោក គឹម ភក្ដី ជាគ្រូបង្គោលឡើយ ដ្បិតក្នុងរដូវកាលឆ្នាំ២០២០ លោកបានដឹកនាំក្រុមទទួលបានលទ្ធផលយ៉ាងល្អ ពិសេសការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ដោយទទួលបានពានជាលើកទី៤។ ម្យ៉ាងក៏ដោយសារការមានចក្ខុវិស័យវាយឆ្ងាយដូចគ្នា រវាងលោកជាមួយនឹងក្លិបដែរ។

អគ្គលេខាធិការក្លិបដដែលបានបញ្ជាក់ថា «ជំនួសមុខឱ្យថ្នាក់ដឹកនាំក្លិប យើងពិតជាមានមោទកភាព ចំពោះអ្វីដែលលោកគ្រូ ភក្តី បានធ្វើកន្លងមកជាមួយក្លិប ពិតណាស់គាត់បានដឹកនាំបឹងកេតឱ្យឈ្នះពានលីគកំពូលកម្ពុជា រដូវកាល ២០២០ និងជាលើកទី៤ ក្នុងប្រវត្តិសាស្រ្តក្លិប ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គាត់ យើងបានបញ្ចប់រដូវកាលដោយមិនស្គាល់បរាជ័យទាល់តែសោះ»

លោក «ដោយមើលឃើញអំពីស្នាដៃរបស់គាត់ និងផែនការរៀបចំក្រុមរបស់គាត់ ស្របទៅតាមចក្ខុវិស័យរបស់ក្លិប ដែលផ្តោតទៅលើការអភិវឌ្ឍជាចម្បង ទើបយើងសម្រេចផ្តល់តួនាទីនេះទៅឱ្យគាត់ផ្លូវការតែម្តង» ។ លោក បែ មករា បន្ថែម។

គួរបញ្ជាក់ថា លោក គឹម ភក្ដី ត្រូវបានក្លិបបឹងកេត តែងតាំងឲ្យដឹកនាំក្រុម ក្នុងនាមគ្រូបង្វឹកស្ដីទី ចាប់ពីសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រោយការចាកចេញរបស់លោក Apisit Im Amphai ហើយលោកបានដឹកនាំក្រុមសម្រេចលទ្ធផលល្អជាបន្ដបន្ទាប់ រហូតជួយក្រុមនាគខៀវនេះគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ១២ និងស្មើ៥ មិនស្គាល់ពាក្យចាញ់ម្ដងឡើយ៕