(ប៉ារីស)៖ បណ្តាញសេវាទូរស័ព្ទជំនាន់ចុងក្រោយគឺ 5G ទើបតែទទួលបានការអនុញ្ញាតឲ្យដាក់ដំណើរការ នៅប្រទេសបារាំងក្នុងខែវិច្ឆិកានេះ ក្រោយការដេញថ្លៃកម្រិតប្រេកង់ត្រូវបានបញ្ចប់ជាស្ថាពរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃ ព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារនិយតកម្មទូរគមនាគមន៍នៃប្រទេសបារាំង អាសិប (Arcep) បានឲ្យដឹងថា ការដាក់ដេញថ្លៃប្រេងកង់ខាងលើបាននាំមកថវិកាចំនួន ២.៨ពាន់លានអឺរ៉ូ ឬស្មើនឹង៣.៣ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុនប្រតិបត្តិការទូរស័ព្ទចល័តចំនួន០៤។ បើតាមទីភ្នាក់ងារ Arcep បណ្តាញ 5G របស់ពួកគេអាចចាប់ផ្តើមធ្វើប្រតិបត្តិការលក្ខណៈពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែវិច្ឆិកា។

គួរជម្រាបថា បច្ចេកវិទ្យា 5G ត្រូវគេរំពឹងថានឹងបង្កើនបរិមាណក៏ដូចជាល្បឿននៃទិន្នន័យ wireless ដែលបណ្តាញព្រមទាំងឧបករណ៍ទទួលយកបាន ហើយវាក៏នឹងជួយជំរុញភាពជឿនលឿននៃបច្ចេកវិទ្យាដទៃៗទៀត៕