(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អេសស៉ីជី (SCG) ដែលធ្វើអាជីវកម្ម ផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ បានបញ្ជាក់ឲ្យដឹងថា នៅ៩ខែឆ្នាំ២០២០នេះ ក្រុមហ៊ុននេះអាចរកចំណូលបាន១៩២.៥លានដុល្លារអាមេរិក នៅទីផ្សារកម្ពុជា ខណៈដែលទ្រព្យសកម្មមានចំនួន៣៧៩លានដុល្លារ កើត៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មាន បានកត់សម្គាល់ឃើញថា ផ្អែកតាមរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២០ អេសស៉ីជី នៅកម្ពុជា មានទ្រព្យសរុបចំនួន ១.៥៥០ប៊ីលានរៀល (៣៧៩លានដុល្លារអាមេរិក) ដែលកើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ក្រុមហ៊ុនសម្រេចបានចំណូលចំនួន ២៣៦ប៊ីលានរៀល (៥៧,៦លានដុល្លារអាមេរិក) ពីអាជីវកម្ម ផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ។ តួលេខនេះ ធ្លាក់ចុះ ៦,៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
របាយការណ៍របស់ SCG បានបន្ថែមថា «សម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០២០ ទីផ្សារកម្ពុជារបស់ អេសស៉ីជី សម្រេចបានចំណូលពីការលក់ចំនួន ៧៨៨ប៊ីលានរៀល (១៩២,៥លានដុល្លារអាមេរិក) ។ ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២០ ជំងឺរាតត្បាតកូវីដ-១៩បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើវិស័យសំខាន់ៗរបស់ប្រទេសកម្ពុជា ព្រមទាំងវិស័យសំណង់និងអចលនទ្រព្យផងដែរ ។ ប៉ុន្តែ ជាការរួមចំណែកលើកកម្ពស់គុណភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា អេសស៉ីជី បន្តផ្ដល់នូវផលិតផលគុណភាពប្រណីត ដូចជា ស៊ីម៉ងត៍ Portland និងផលិតផលដែលមានតម្លៃបន្ថែម ដូចជា ស៊ីម៉ងត៍បៀក និងបេតុងលាយស្រេចពិសេស ។ លើសពីនេះទៀត សេវាកម្មបច្ចេកទេស ៣៦០ដឺក្រេ និងសេវាកម្មផ្អែកលើតម្លៃ អាចជួយដល់អតិថិជនរបស់ យើងទទួលបាននូវសំណង់ដែលមានគុណភាពកាន់តែខ្ពស់»។
ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា អេសស៉ីជី បានបរិច្ចាគស៊ីម៉ងត៍និងសម្ភារសាងសង់ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ១ម៉ឺនដុល្លារអាមេរិក ទៅឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សម្រាប់ការប្រើប្រាស់សាងសង់ផ្សេងៗនៅក្នុងសាលា។
ដោយឡែក បើសរុបលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ SCG ទាំងមូលសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ប្រាក់ចំណេញបានកើនឡើង៥៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដោយសារការរើបឡើងវិញ នៅក្នុងទីផ្សារសាកលនៃផលិតផលគីមី, កំណើននៃអត្រាផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ (HVA), គំរូអាជីវកម្មរឹងមាំនៃវិស័យធុរកិច្ចវេចខ្ចប់, និងកិច្ចប្រឹងប្រែងកែទម្រង់ធុរកិច្ចស៊ីម៉ងត៍និងគ្រឿងសំណង់ ដើម្បីបំពេញតម្រូវការអតិថិជនឲ្យបានកាន់តែប្រសើរឡើង ។
អេសស៉ីជី ត្រៀមលក្ខណៈបានល្អដើម្បីសម្រេចបានកំណើនបន្ថែមទៀត បើទោះបីប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩ក្ដី ។ ក្រុមហ៊ុននឹងអភិវឌ្ឍជាបន្តនូវនវានុវត្តន៍ ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) និងដំណោះស្រាយជាកញ្ចប់ ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពទីផ្សារល្អប្រសើរឡើងវិញ និងកសាងនូវកំណើនរយៈពេលវែង ។
លោក Roongrote Rangsiyopash ប្រធាននិងអគ្គនាយក អេសស៉ីជី បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា «លទ្ធផលប្រតិបត្តិការមិនទា ន់ធ្វើសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ បានបង្ហាញនូវចំណូលពីការលក់ចំនួន ១៣.២០៥ប៊ីលានរៀល (៣.២២២លានដុល្លារអាមេរិក) ដែលកើនឡើង ៥% បើប្រៀបធៀបនឹងត្រីមាសមុន ។ ទន្ទឹមនឹងនេះដែរ ប្រាក់ចំណេញសម្រាប់រយៈពេលនេះសម្រេចបានសរុប ១.២៧៤ប៊ីលានរៀល (៣១១លានដុល្លារអាមេរិក) កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាត្រីមាសមុន ។ កំណើននេះ គឺដោយសារភាពប្រសើរឡើងវិញនៃអាជីវកម្មផលិតផលគីមី ដែលជំរុញដោយតម្រូវការកើនឡើង នៅក្នុងប្រទេសចិន និងនៅតំបន់អាស៊ី ជាទូទៅ និងលទ្ធផលអាជីវកម្មល្អប្រសើរជាងមុននៅក្នុងធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់»។
បើប្រៀបធៀបនឹងលទ្ធផលនៃឆ្នាំទៅមិញ ចំណូលពីការលក់បានធ្លាក់ចុះ៩% ចំណែកឯប្រាក់ចំណេញវិញ សម្រាប់ត្រីមាសទី៣នេះ បានកើនឡើងដល់ទៅ ៥៧% ដោយសារលទ្ធផលល្អប្រសើរជាងមុននៅក្នុងអាជីវកម្មផលិតផលគីមី និងប្រសិទ្ធផលល្អជាងមុន នៅក្នុងធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់។
ចំពោះលទ្ធផលប្រតិបត្តិការសម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០២០វិញ អេសស៉ីជី សម្រេចបានចំណូលពីការលក់ ចំនួន ២៦.០១២ប៊ីលានរៀល (៩.៦០២លានដុល្លារអាមេរិក) ធ្លាក់ចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែតម្លៃលក់ផលិតផលគីមីធ្លាក់ចុះ ស្របគ្នានឹងការធ្លាក់ចុះនៃតម្លៃប្រេង។
ប្រាក់ចំណេញសម្រាប់ រយៈពេល ៩ខែនៃឆ្នាំ២០២០ សម្រេចបានសរុប ៣.៣៨១ប៊ីលានរៀល (៨២៨លានដុល្លារអាមេរិក) កើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែកំណើនប្រាក់ចំណេញពីវិស័យធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ និងធុរកិច្ចវេចខ្ចប់ ។ ស្ថានភាពអាជីវកម្មទូទៅនៅតែរក្សាបាននូវភាពបត់បែននិងឆ្លើយតបរហ័ស ទាន់សភាពការណ៍ ។ បច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល ។
អេសស៉ីជី បានកែសម្រួលយុទ្ធសាស្ត្រ សម្រាប់ផលិតផល និងសេវាកម្ម HVA ដោយពង្រឹងលក្ខណវិនិច្ឆ័យ ដើម្បីបង្កើនភាពប្រកួតប្រជែង នៅក្នុងទីផ្សារសាកលលោក និងរក្សានូវភាពបត់បែនរហ័ស ដើម្បីឲ្យស្របទៅតាមតម្រូវការដែលប្រែប្រួលលឿន ដើម្បីសម្រេចបានផលចំណេញជាអតិបរមា ។ នៅក្រោមបទដ្ឋានថ្មី ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) របស់ អេសស៉ីជី សម្រាប់រយៈពេល ៩ខែ នៃឆ្នាំ២០២០នេះ សម្រេចបាន ១២.១២៦ប៊ីលានរៀល (២.៩៦៩លានដុល្លារអាមេរិក) ឬស្មើនឹង ៣១% នៃចំណូលសរុបពីការលក់។
លោក Roongrote មានប្រសាសន៍ថា «លទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ និងរយៈពេល ៩ខែនៃឆ្នាំ២០២០ សម្រេចបានកំណើនវិជ្ជមាន បើទោះបីស្ថិតក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ក្ដី ដោយសារតែការរើបឡើងវិញនៅក្នុងទីផ្សារផលិតផលគីមី និងការប្រសើរឡើងគួរឲ្យកត់សម្គាល់នៃផលិតផល HVA ក្នុងវិស័យកសិកម្ម យានយន្ត និងទំនិញប្រើប្រាស់ជាប់បានយូរ ។ គំរូអាជីវកម្មពិសេសរបស់វិស័យធុរកិច្ចវេចខ្ចប់បានផ្ដល់នូវដំណោះស្រាយជាកញ្ចប់ ដើម្បីសម្រេចបាននូវកំណើនដែលមានគុណភាព»។
លោកបន្តថា លើសពីនេះទៀត កិច្ចប្រឹងប្រែងកែទម្រង់អាជីវកម្មបានផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុនអាចបន់បែនរហ័ស និងដើរបានមុនសភាពការណ៍ ។ កិច្ចប្រឹងប្រែងទាំងនេះសម្រេចបាននូវការកែលម្អទៅលើផលិតផលនិងសេវាកម្មនានា ដោយរួមបញ្ចូលបន្ថែមនូវដំណោះស្រាយជាកញ្ចប់ ការលក់តាមគ្រប់ច្រកសកម្មទាំងអស់ ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) និងផលិតផលដែលស្របទៅនឹងសេដ្ឋកិច្ចវិលជុំ (Circular Economy) ។ ក្រៅពីនេះ អេសស៉ីជី ក៏រក្សានូវស្ថានភាពត្រៀមលក្ខណៈជានិច្ច ដើម្បីរុករកឱកាសអាជីវកម្មថ្មីៗ ត្រៀមខ្លួនសម្រាប់ពេលដែលទីផ្សារល្អប្រសើរឡើងវិញ និងត្រួសត្រាយផ្លូវសម្រាប់កំណើនរយៈពេលវែង។
ជំងឺកូវីដ-១៩បានបង្កផលប៉ះពាល់សេដ្ឋកិច្ច ក្នុងកម្រិតមួយដ៏ធំធេងបំផុត ។ ថ្វីត្បិតតែប្រតិបត្តិការអាជីវកម្ម នៅមានភាពរឹងមាំក៏ដោយ អេសស៉ីជី ក៏នៅតែមានការព្រួយបារម្ភអំពីស្ថានភាពនេះដែរ ។ ដូច្នេះហើយទើបក្រុមហ៊ុន បានចូលរួមនៅក្នុងការជួយដល់សាធារណជន ។ ថ្មីៗនេះ អេសស៉ីជី បានបំពេញតួនាទីមួយ ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលថៃ សាកលវិទ្យាល័យ Oxford និង AstraZeneca ដើម្បីបង្កើតវ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រទេសថៃនិងតំបន់អាស៊ីអាគ្នេយ៍ និងដើម្បីធានាថា ប្រជាជនថៃនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ដំបូងៗ នៅឆមាសទីមួយនៃឆ្នាំក្រោយ៕