(រុស្ស៊ី)៖ ស្ថានីយទូរទស្សន៍ដ៏ធំមួយរបស់រុស្ស៊ី សហការជាមួយភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ថតខ្សែភាពយន្តមួយចំណងជើងថា «Challeng» ហើយបច្ចុប្បន្នកំពុងប្រកាសជ្រើសរើសតួស្រី ដែលប្រកបដោយសមត្ថភាពខ្ពស់ ដើម្បីយកទៅសម្តែង ខណៈភាពយន្តនេះ នឹងចាប់ផ្តើមដំណើរការថតនៅស្ថានីយអវកាសអន្តរជាតិ ក្នុងខែតុលា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

គម្រោងថតភាពយន្តរបស់រុស្ស៊ីមួយនេះ គឺមានគោលដៅចង់ប្រជែងតួហូលីវូដអាមេរិក Tom Cruise ដែលមានគម្រោងស្រដៀងគ្នា បន្ទាប់ពីមានសេចក្តីប្រកាសថា នឹងចាប់ដៃគូសហការជាមួយអង្កការ NASA និងក្រុមហ៊ុន Space X របស់លោក Elon Musk ក្នុងការថតភាពយន្តនៅខាងក្រៅបរិយាកាសផែនដី។

នៅក្នុងសេចក្តីប្រកាស ដើម្បីជ្រើសរើសតួសម្តែងស្រី បានឲ្យដឹងថា តារាស្រីដែលស័ក្តិសមក្នុងការសម្តែងភាពយន្តនៅទីអវកាសនោះ ពុំចាំបាច់ត្រូវមានអាជីពជាតារាសម្តែងតែម្តងនោះទេ ពោលគឺនារីរូបនោះត្រូវតែមានអាយុចន្លោះពី ២៥ទៅ៤០ឆ្នាំ មានកម្ពស់ចន្លោះពី ១៥០ ទៅ ១៨០ សង់ទីម៉ែត្រ មានទម្ងន់ ៥០ទៅ៧០គីឡូក្រាម និងមានដើមទ្រូងទំហំរហូតដល់ ១១២ សង់ទីម៉ែត្រ។ និងមានលិខិតបញ្ជាក់កិរិយាមាយាទល្អផងដែរ។

បន្ថែមពីនេះ នាងត្រូវតែមានកាយសម្បទារឹងមាំ ពោលគឺមានរាងស្អាត និងសុខភាពល្អ ជាពិសេសគឺអាចរត់បាន ១គីឡូម៉ែត្រ ក្នុងរយៈពេល៣នាទីកន្លះ, អាចហែលទឹកសេរីបាន ៨០០ម៉ែត្រ ក្នុងរយៈពេល២០នាទី និងអាចមុជទឹកក្នុងជម្រៅ ៣ម៉ែត្រ ជាមួយនឹងបច្ចេកទេសគួរឲ្យចាប់អារម្មណ៍។

យ៉ាងណាមិញ សម្រាប់ការចូលរួមបញ្ចេញសមត្ថភាព ដើម្បីអាចសម្តែងក្នុងខ្សែភាពយន្តនៅទីអវកាសនោះ គឺមានសិទ្ធតែចំពោះប្រជាជនរុស្ស៊ីប៉ុណ្ណោះ៕