(ភ្នំពេញ)៖ គម្រោងដំឡើងបង្គោលភ្លើងសម្រាប់បំភ្លឺការប្រកួតពេលយប់ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉ែរបស់ក្លិបបឹងកេត ត្រូវបានផ្អាកហើយ ដោយប្ដូរទៅធ្វើទីលានហ្វឹកហាត់ផ្ទាល់ខ្លួនវិញ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត ក្រោយបំបែកកំណត់ត្រាស្ដ្រីដំបូង ដឹកនាំក្លិបលើកពានលីគកំពូលកម្ពុជា កាលពីពេលថ្មីៗ។

លោកស្រី ពុធ ធីតា បានបញ្ជាក់ថា ការធ្វើទីលានហ្វឹកហាត់ផ្ទាល់ខ្លួន គឺជារឿងដ៏សំខាន់ សម្រាប់កីឡាបាល់ទាត់។ កីឡាករមានគុណភាព និងមានតាក់ទិចល្អ ក៏អាស្រ័យលើទីលានហ្វឹកហាត់ដែរ តែបើមិនមានទីលានហ្វឹកហាត់ទេ ការអភិវឌ្ឍន៍កីឡាករ ក៏លំបាកដែរ។ ហេតុនេះហើយ ទើបក្លិបសម្រេចប្ដូរគម្រោងពីការបំពាក់ភ្លើងប្រកួតពេលយប់ មកធ្វើទីលានហ្វឹកហាត់ផ្ទាល់ខ្លួនវិញ។

លោកស្រីបន្ដថា «ធម្មតាយើងដឹងហើយថា កីឡាបាល់ទាត់ កីឡាករមានគុណភាព ទាល់តែកន្លែងហាត់ល្អ អ៉ីចឹងវាសំខាន់មែនទែនទាក់ទងជាមួយនឹងគុណភាពកីឡាករបាន ទាល់តែហាត់តាក់ទិច អ៊ីចឹងហាត់តាក់ទិចបានទាល់តែមានទីលានល្អដែរ ទីលានមិនល្អហាត់ម៉េចកើត អភិវឌ្ឍន៍កីឡាករយើងម៉េចកើត ដូច្នេះហើយក៏សម្រេចចិត្តថា សុខចិត្តយកលុយដែលយើងគិតថាធ្វើភ្លើង យកមកធ្វើអាហ្នឹងដែលសំខាន់មុន គឺយើងធ្វើកន្លែងហាត់ខ្លួនឯង ធ្វើកន្លែងហាត់ខ្លួនឯង គឺយើងមានប្រយោជន៍ច្រើនណាស់ គាត់អត់ចាំបាច់ធ្វើដំណើរ ហើយណាមួយកន្លែងរបស់យើងវាល្អ វាស្អាត ហាត់អីទៅវាមានគុណភាពដែរ»

ទោះជាបែបនេះក្ដី ប្រធានក្លិបខាងលើនៅតែចញ្ចឹមចិត្តក្នុងការបំពាក់ភ្លើង ដើម្បីងាយស្រួលក្នុងការប្រកួតពេលយប់។ លោកស្រីបាននិយាយបែបលេងសើចថា «មានលុយឯណា កូវីដអញ្ចឹង! សង្ឃឹមថា និយាយរួមទៅ បើសេដ្ឋកិច្ចយើងដើរទៅធម្មតា យើងត្រូវរៀបចំភ្លើង។ ខ្ញុំអត់ចង់មុខជាំទេ ខ្ញុំមុខជាំដោយសារចូលមើលបាល់ទាត់ហ្នឹង មុខជាំហើយចាស់ទៀត ត្រូវថ្ងៃក្ដៅ ប្រកួតម៉ោង ៣កន្លះ ខ្ញុំចង់ប្រកួតយប់ដូចគ្នាឲ្យបានទៅវាស្អាតវាអី មនុស្សស្រី ចង់ដូចគ្នា តែវាអត់លុយ»

គួរបញ្ជាក់ថា បច្ចុប្បន្នបឹងកេត មានកីឡដ្ឋានផ្ទាល់ខ្លួន សម្រាប់បម្រើឲ្យការប្រកួតផ្លូវការ គឺកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលស្ថិតនៅបឹងស្នោរ។ ចំណែកទីលានហ្វឹកហាត់ ក្លិបជើងឯកលីគកំពូលកម្ពុជា ៤សម័យនេះ កំពុងដំណើរការសាងសង់លើផ្ទៃដីជិត ២ហិចតា នៅសង្កាត់ព្រែកឯង ហើយគ្រោងនឹងដាក់ឲ្យដំណើរការនាដើមឆ្នាំ២០២១ ខាងមុខ ដើម្បីបម្រើឲ្យការហ្វឹកហាត់របស់ក្រុមធំ យុវជន និងក្រុមបាល់ទាត់នារីរបស់ខ្លួន៕