(ញូដេលី)៖ កម្មវិធីផ្ញើសារ WhatsApp ទើបតែទទួលបានការអនុញ្ញាតឲ្យដាក់ដំណើរការសេវាកម្មទូទាត់ប្រាក់របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ជាមួយអ្នកប្រើប្រាស់ដំបូងចំនួន ២០លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

WhatsApp ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបណ្តាញសង្គម Facebook មានអ្នកប្រើប្រាស់សរុបជាង៤០០លាននាក់ នៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារធំបំផុតរបស់ខ្លួន។ ក្នុងវិស័យប្រព័ន្ធទូទាត់ប្រាក់បែបឌីជីថលនេះ WhatsApp នឹងត្រូវប្រកួតប្រជែងជាមួយ Google Play របស់ Alphabet, Softbank, Paytm ដែលមាន Alibaba នៅពីក្រោយ និង PhonePe របស់ Walmart។

គួរជម្រាបថា ការទូទាត់ប្រាក់តាមអនឡាញ និងសេវាកម្មកាបូបអេឡិចត្រូនិច (E-Wallet) បាននិងកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសឥណ្ឌា ក្រោមការជំរុញរបស់រដ្ឋាភិបាលឥណ្ឌា ដែលកំពុងប្រឹងប្រែងលើកទឹកចិត្តឲ្យអាជីវករនិងអតិថិជនឥណ្ឌា ដែលធ្លាប់តែចូលចិត្តចាយលុយជាសាច់ប្រាក់សុទ្ធ ឲ្យងាកទៅរកការទូទាត់ប្រាក់តាមបែបឌីជីថល៕