(អាមេរិក)៖ ក្រុមហ៊ុន Apple ប្រកាសដាក់ឱ្យធ្វើការបញ្ជាទិញទុកជាមុននូវកំពូលស្មាតហ្វូនរបស់ខ្លូន iPhone 12 mini និង iPhone Pro Max ចាប់ពីថ្ងៃនេះ ចំនួនជាង ៣០ប្រទេសនៅលើពិភពលោក ខណៈដែលតួលេខនៃការលក់ iPhone 12 និង iPhone 12 Pro នៅមិនទាន់ដឹង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Area នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា iPhone 12 mini និង iPhone Pro Max គឺអាចាប់ផ្ដើមធ្វើការបញ្ជាទិញទុកមុន បាននៅតាមបណ្ដាប្រទេសមួយចំនួនដូចជា អូស្ត្រាលី ចិន អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងជាង ៣០ប្រទេសផ្សេងទៀតនៅលើពិភពលោក។

ជាមួយគ្នានេះផងដែរ សម្រាប់ប្រទេសប្រេស៊ីល កូរ៉េខាងត្បូង និងប្រទេសចំនួន២៥ផ្សេងទៀត ក្រុមហ៊ុន Apple មិនទាន់បានដាក់ឱ្យបញ្ជាទិញទុកជាមុននោះទេ ពោលគឺត្រូវរង់ចាំបន្តិចសិន អាចនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្រាប់អ្នកដែលបានបញ្ជាទិញចាប់ពីថ្ងៃនេះ គឺក្រុមហ៊ុន Apple នឹងធ្វើការដឹកជញ្ជូនឱ្យចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ពោលគឺចុងសប្ដាហ៍ក្រោយ៕