(សាន់ហ្រ្វាន់ស៉ីស្កូ)៖ ក្រុមហ៊ុនអាមេរិក Uber នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណូលចំនួន ១.១ពាន់លានដុល្លារ ក្នុងត្រីមាសទី៣នៃឆ្នាំ២០២០នេះ ដោយសារតែផលប៉ះពាល់មកពីវិបត្តិជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Business Times នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់ Uber ប្រាក់ចំណូលនៃអាជីវកម្មផ្តល់សេវាហៅតាក់ស៉ីតាមអនឡាញរបស់ក្រុមហ៊ុន Uber បានថយចុះដល់ទៅ៥៣ភាគរយ បើធៀបនឹងត្រីមាសទី៣នៃឆ្នាំ២០១៩ ប៉ុន្តែទន្ទឹមគ្នានេះអាជីវកម្មផ្តល់សេវាដឹកជញ្ជូនអាហាររបស់ Uber គឺបានកើនឡើងជាងពាក់កណ្តាល។

គួរជម្រាបថា ទោះជាយ៉ាងណា ក្រុមហ៊ុន Uber បានបាត់បង់ចំណូល១.១ពាន់លានដុល្លារ ដ្បិតតម្រូវការសេវាកម្មតាក់ស៉ី ដែលជាអាជីវកម្មធំរបស់ Uber បានទទួលរងការប៉ះពាល់ខ្លាំងពីវិធានការរឹតត្បិតប្រឆាំងជំងឺកូវីដ-១៩ នៅតាមទីក្រុងនៃប្រទេសជាច្រើនជុំវិញពិភពលោក។ ក៏ប៉ុន្តែ លោក ដារ៉ា ខូស្រូស្សាហ៉ី (Dara Khosrowshahi) រំពឹងថា អ្វីៗនឹងអាចវិលទៅរកសភាពដើមវិញបានឆាប់ៗ៕