(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនដ៏ធំ និងល្បីរបស់អាមេរិក Uber បានប្រកាសឱ្យដឹងថា ប្រាក់ចំណូលនៅក្នុងត្រីមាសទី៣ ឆ្នាំ នេះ បានធ្លាក់ចុះរហូតដល់ ១៨ភាគរយ ដែលការធ្លាក់់ចុះនេះដោយសារតែបញ្ហាជំងឺរីករាលដាល់កូវីដ-១៩ ប៉ុន្តែក្រុមហ៊ុនមួយនេះ រំពឹងថា នឹងកើនឡើងវិញនៅដើមឆ្នាំ ២០២១។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Uber រកប្រាក់ចំណូលបាន ត្រឹមតែ ៣,១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ នៅត្រីមាសទី៣ ឆ្នាំ២០២០ ដោយបានធ្លាក់ចុះ ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ពោលគឺខាតបង់ប្រាក់ ២,៩ពាន់លានដុល្លារអាមេរិក។
លោក Nelson Chai ប្រធានផ្នែកហិរញ្ញវត្ថុបានថ្លែងនៅក្នុងសេចក្ដីប្រកាសថា ក្រុមហ៊ុននៅតែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ក្នុងការសំរេចបានប្រាក់ចំណេញដោយផ្អែកលើការកែសំរួលរចនាសម្ព័ន្ធមួយចំនួន ហើយជឿជាក់ថានៅដើមឆ្នាំក្រោយនឹងចាប់ផ្ដើម ដំណើរការល្អប្រសើរឡើងវិញ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០២០នេះ ក្រុមហ៊ុន Uber ខាតបង់ទឹកប្រាក់សរុបចំនួន ៥,៨ពាន់លានដុល្លារអាមេរិក ដោយកាល ពី ត្រីមាសទី១ ខាងបង់ ១,១ពាន់លានដុល្លារ ត្រីមាសទី២ ខាតបង់ ១,៨ពាន់លានដុល្លារ និងនៅត្រីមាសទី៣ ខាតបង់ ២,៩ពាន់លានដុល្លារ ៕